លោក ដូណាល់ ត្រាំ បានព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភរបស់កូរ៉េខាងជើងចំពោះគំរូរបស់ប្រទេសលីប៊ីក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ
| ព័ត៌មានអន្តរជាតិ
SHARE


 ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ្វីដែលគេហៅថាជាគំរូរបស់ប្រទេសលីប៊ីនៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះមិនមែនជាសកម្មភាពដែលកំពុងត្រូវបានធ្វើឡើងជាមួយកូរ៉េខាងជើងទេ។


កាលពីថ្ងៃចុងសប្តាហ៍, ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក បុលតុន បាននិយាយនៅក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តល់យោបល់ឲ្យកូរ៉េខាងជើងថាគួរធ្វើតាមគំរូរបស់ប្រទេសលីប៊ីក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដែលនេះបានធ្វើឲ្យកូរ៉េខាងជើងមានការព្រួយបារម្ភដោយគិតពីអ្វីដែលកើតឡើងចំពោះជោគវាសនានៃមេដឹកនាំលីប៊ី។


សូមរំលឹកថា នៅក្នុងឆ្នាំ២០០៣, មេដឹកនាំលីប៊ីលោក មូអាមម៉ា ហ្គាដាហ្វ៊ី (Muammar Gaddafi) បានយល់ព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់លោក ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកលោកត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសលោកខាងលិច។
លោក ត្រាំ បាននិយាយផងដែរថា លោកនៅតែគិតថាកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើងនឹងនៅតែកើតមានឡើង។
ថ្លែងក្នុងអំឡុងកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតីអាមេរិកជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) លោក ចេន ស្តូលថិនបឺក (Jens Stoltenberg), លោក ត្រាំ បាននិយាយឡើងវិញថា លោកនឹងមិននិយាយអំពីកម្រិតកងទ័ពអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលប្រជុំជាមួយលោក គីម ជុងអ៊ុន ឡើយ។


សូមរំលឹកថា កាលពីថ្ងៃពុធ កូរ៉េខាងជើងបានគំរាមថា គេប្រហែលជាមិនចូលរួមកិច្ចប្រជុំកំពូលជាមួយអាមេរិកដែលត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរីទេ ប្រសិនបើអាមេរិកទទូចជាឯកតោភាគីឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់គេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation