ការកសាងវិមានឈ្នះ ឈ្នះ មានគោលដៅសំខាន់ៗចំនួន៥យ៉ាង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សំណង់វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
វិមានឈ្នះឈ្នះ គ្រោងនឹងធ្វើការសម្ពោធជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅថ្ងៃទី២៩ ៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ចំពោះការស្ថាបនាវិមាននេះ មានគោលដៅសំខាន់ចំនួន៥ រួមមាន ទី១- រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឲ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ ទី២- គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់មគ្គុទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។ ទី៣- បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឲ្យបន្តការសិក្សា និងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។ ទី៤- បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័នផ្សេងៗ ដើម្បីឲ្យប្រជាជនគ្រប់ជំនាន់ បានឈ្វេងយល់។ ទី៥- បង្កើតគោលដៅទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅ សម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា។

សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ និងជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់ សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ បានដួលរលំទៅនោះ បានដាក់ចេញនូវការប្រើប្រាស់នីតិវិធី ធ្វើយ៉ាងណា ឲ្យប្រជាជនកម្ពុជាទាំងអស់ បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ កាធានាទាំងនោះរួមមាន -ការធានារូបកាយ និងអាយុជីវិតៈ សំដៅដល់ការធានានូវសុវត្ថិភាព ខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារ ដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាមនិងការប្រយុទ្ធ ហើយវិលត្រឡប់មករួមរស់ ក្នុងចរន្តគោលនៃសង្គមជាតិ។ -ការធានាអាជីព និងមុខរបរៈ សំដៅដល់ការធានាសុវត្ថិភាព ខាងផ្នែកអាជីព ដោយផ្ដល់ជូនអ្នកទាំងនោះ នូវលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិត ដែលពួកគេធ្លាប់មានកន្លងមក។ -ការទទួលស្គាល់កម្មសិទ្ធិទ្រព្យសម្បត្តិ់ៈ ទាំងចលនទ្រព្យ និងអចលនទ្រព្យ សំដៅធានាសុវត្ថិភាព ខាងផ្នែកកម្មសិទ្ធិដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមក ដោយគ្មានការដកហូត ឬរុះរើ។ គោលការណ៍ធានាទាំងបី បានធ្វើឲ្យមានផលជាវិជ្ជមាន គួរជាទីមោទនៈយ៉ាងក្រៃលែង៕ (អត្ថបទ ៖ សន ពិសិដ្ឋ )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation