កសិករដាំដំណាំកៅស៊ូ នៅស្រុកកែវសីមា មិនទាន់ប្រឈមនឹងការខាតបង់ ទោះបីតម្លៃជ័រកៅស៊ូ ធ្លាក់ថ្លៃច្រើនជាមុននោះ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ដំណាំកៅស៊ូនៅស្រុកកែវសីមា នៅតែទទួលបានទិន្នផលល្អ មិនខុសពីឆ្នាំមុននោះទេ ចំណែកតម្លៃនៃការទទួលទិញជ័រកៅស៊ូវិញក៏ដូចគ្នាដែរ ពោលគឺឈ្មួញប្រមូលទិញក្នុងតម្លៃថ្លៃ នៅពេលប្រមូលផលដើមដៃ និងប្រមូលទិញក្នុងតម្លៃទាប នៅពេលប្រមូលផលចុងដៃ ប៉ុន្តែកសិករមិនប្រឈមជាមួយការខាតបង់នោះទេ នេះបើយោងតាមការលើកឡើង របស់កសិករដែលកំពុងអាស្រ័យផលពីដំណាំកៅស៊ូនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អ្នកស្រី យូ ម៉ៃយ៉ាន ជាកសិករដាំដំណាំកៅស៊ូ នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា តម្លៃទទួលទិញជ័រកៅស៊ូឆ្នាំនេះ គឺទិញក្នុងថ្លៃគួរសមដែរ ពេលប្រមូលផលដំបូង ដោយ១គីឡូគេទិញ២៨០០ទៅ២៩០០៛ ប៉ុន្តែសម្រាប់ការប្រមូលទិញនៅចុងដៃនេះ គិតត្រឹមថ្ងៃ២៤ ធ្នូ ២០១៨ គឺឈ្មួញទទួលទិញត្រឹម១៨០០៛ប៉ុណ្ណោះ ក្នុង១គីឡូក្រាម ដែលតម្លៃនេះបានចុះថោកច្រើន តែមិនធ្វើឲ្យកសិករខាតបង់នោះទេ ពោលគឺសមល្មមអាចទូទាត់ឈ្មួលកម្មករ និងអាចយកមកដោះស្រាយជីវភាពប្រចាំថ្ងៃបាន។

កសិករដដែលបន្តថា បច្ចុប្បន្នលោកស្រីមានដំណាំកៅស៊ូប្រមាណជាង២០ហិកតា ក្នុងនោះទើបប្រមូលផលបាន១២ហិកតាទេ ដោយក្នុង១ថ្ងៃ អាចទទួលបានជ័របង្កក ចន្លោះពី៣០០ទៅ៤០០គីឡូក្រាម ហើយដំណាំនេះដែរ គេចាប់ប្រមូលផលពីខែមិនា រហូតដល់ខែមករា ដែលរយៈពេលប្រហែលជិត១០ខែ ។

ឈ្មួយប្រមូលទិញជ័រកៅស៊ូនៅស្រុកកែវសីមា ឈ្មោះ រ៉ន សារ៉ាត់ បានប្រាប់ដែរថា មួយរយៈចុងក្រោយនេះ តម្លៃទទួលទិញជ័រកៅស៊ូគឺចន្លោះពី១៧៥០ទៅ២០០០៛ អាស្រ័យលើគុណភាពជ័រ និងទីផ្សារឡើងចុះនៅឯប្រទេសចិន ហើយទិន្នផលជ័រកៅស៊ូនៅស្រុកកែវសីមាសំបូរណាស់ មិនពិបាករកទិញនោះទេ ប៉ុន្តែលំបាកត្រង់ឈ្មួញកណ្ដាលដូចគ្នាលេងតម្លៃប៉ុណ្ណោះ ដែលធ្វើឲ្យការចំណេញបានកាន់តែតិចទៅនោះ។

ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងដែរថា បច្ចុប្បន្នផ្ទៃដីដាំដុះដំណាំកៅស៊ូសរុបនៅខេត្តមណ្ឌលគិរីមានប្រមាណ ៤២.៥៣៧ ហិកតា ក្នុងនោះកៅស៊ូក្រុមហ៊ុនចំនួន ៣១.២៣១ហិកតា កៅស៊ូគ្រួសារចំនួន ១១.៣០៥ហិកតា ហើយក្នុងចំណោមក្រុង-ស្រុកទាំង៥របស់ខេត្ត មានកៅស៊ូច្រើនជាងគេគឺស្រុកពេជ្រាដា មានផ្ទៃដី ៨.១៥០ ហិកតា ។ ដោយឡែកចំពោះតម្លៃជ័រកៅស៊ូបង្កកក្នុងខែនេះវិញ មានតម្លៃចន្លោះពី១៩០០៛- ២៥០០៛ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation