ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន១៥ ក្នុងខេត្តបាត់ដំបង ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសមូលដ្ឋានលើម៉ាស៊ីន និងរោងម៉ាស៊ីន
| ព័ត៌មានជាតិ
SHARE

ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន១៥ ក្នុងខេត្តបាត់ដំបង ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសប្រតិបត្តិមូលដ្ឋានលើមា៉ស៊ីននិងរោងម៉ាស៊ីន ក្នុងគោលបំណងដើម្បីសម្រេចបានទៅនឹងគោលដៅនៃការនាំអង្ករចេញតាមផែនការកំណត់របស់រដ្ឋាភិបាលកម្ពុជា ។

វគ្គបណ្តុះបណ្តាលនេះ គឺស្ថិតក្រោមការរៀបចំដោយអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិនៃក្រសួងកសិកម្ម រុក្ខាប្រ ម៉ាញ់និងនេសាទសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំអង្ករចេញRice-SDP ដែលជាគម្រោងកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងការផលិតស្រូវ អង្ករ របស់ប្រជាកសិករ សហគមន៍កសិកម្ម និងម្ចាស់រោងម៉ាស៊ីនកិនស្រូវឲ្យកាន់តែមានគុណភាព តាមស្តង់ដារ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវវិស័យស្រូវ អង្កររបស់កម្ពុជាកាន់តែមានកំណើនកើនឡើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

នាយកគម្រោងកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញខេត្តបាត់ដំបង លោក ឈឹម សាបុណ្យ បានឲ្យ ដឹងថា វគ្គបណ្តុះបណ្តាលនេះគឺពិតជាមានសារប្រយោជន៍បំផុតសម្រាប់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលកំពុងតែធ្វើការ លើការងារនេះ ដើម្បីឲ្យការផលិតស្រូវអង្ករកាន់តែត្រូវតាមស្តង់ដារទីផ្សារទាំងក្នុងនិងក្រៅស្រុក ។

លោក ឈឹម សាបុណ្យ បានបញ្ជាក់ទៀតថា នេះគឺជាបច្ចេកវិទ្យាចុងក្រោយ ដែលពិភពលោក ក៏ដូចជាប្រទេសជឿនលឿនកំពុងប្រើ ហើយត្រូវបាននាំយកចូលមកក្នុងប្រទេសកម្ពុជាយើង ដើម្បីឲ្យម្ចាស់រោងម៉ាស៊ីនទាំងអស់បានប្រើប្រាស់នូវឧបករណ៍ទាំងនោះ ឲ្យទៅតាមស្តង់ដារទីផ្សារ បើមិនបានលើសគេ ក៏ស្មើនឹងប្រទេសជិតខាងយើងដែរ អ្វីដែលសំខាន់សូមឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ខិតខំប្រឹងប្រែងក្នុងការសិក្សាអំពីម៉ាស៊ីនកិនស្រូវដែលមានសមត្ថភាពខ្ពស់បែបនេះដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង ថាមពលដែលត្រូវការសម្រាប់ម៉ាស៊ីនកិនស្រូវទំនើបនេះមានកម្រិតទាប ជាងម៉ាស៊ីនកិនស្រូវបុរាណនិងផ្តល់អត្រាអង្ករបានច្រើនជាងម៉៉ាស៊ីនកិនស្រូវបុរាណ។

អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ឯកឧត្តម គិត សេង បានបង្ហាញថា ដោយសារតែប្រ ទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់សាធារណៈត្រូវបានពង្រឹងទើបប្រជាជនកម្ពុជាគ្រប់រូបមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបមុខរបរមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់នឹងពេលនេះ។ ជាពិសេសមានវិនិយោគិន ពាណិជ្ជករ បានដាក់ទុនវិនិយោគលើមុខរបររបស់ខ្លួនដោយមិនមានការភ័យខ្លាចអ្វីទាំងអស់ ក្នុងនោះដើម្បីឲ្យប្រទេសជាតិកាន់តែមានការរីកចម្រើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈវិស័យវែងឆ្ងាយថានឹងត្រូវធ្វើការអភិវឌ្ឍប្រទេសយ៉ាងណា ឲ្យកម្ពុជាក្លាយជាប្រទេសមានការអភិវឌ្ឍដូចប្រទេសនានាក្នុងពិភពលោកនាឆ្នាំ២០៥០ ខាងមុខ។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានរំលេចឲ្យដឹងថា កត្តាសំខាន់គឺធនធនាមនុស្សដែលជាផ្នែកមួយយ៉ាងសំខាន់ គឺត្រូវធ្វើឲ្យប្រជាជនគ្រប់រូបក្លាយជាមនុស្សមានភាពជឿនលឿន ទាំងចំណេះដឹង បច្ចេកវិទ្យា វិន័យ ការគោរពពេលវេលា ការគោរពច្បាប់ឲ្យបានច្បាស់លាស់ត្រឹមត្រូវ ក្នុងនោះខ្សែសង្វាក់ផលិតកម្មកសិកម្ម ឧស្សាហកម្មមិនត្រឹមតែប្រើប្រាស់ ឬត្រូវការហូបចុកក្នុងស្រុកទេ តែសម្រាប់ធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាងនិងប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសក្នុងពិភពលោក ជាក់ស្តែងបញ្ហាស្រូវអង្ករសម្រាប់ការនាំចេញត្រូវផលិតឲ្យស្របតាមស្តង់ដារ ក្នុងនោះត្រូវបង្កើនខ្សែសង្វាក់ផលិតកម្មនៃការផលិតឲ្យបានល្អ ជឿទុកចិត្ត ដើម្បីប្រកួតប្រជែងទីផ្សារបានល្អ សំខាន់គឺគុណភាពនិងតម្លៃតែម្តង៕ដោយ៖ឡាច សុគន្ឋារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation