ប្រមុខយោធាជាន់ខ្ពស់ចិន វៀតណាម ឡាវ ថៃ នឹងអញ្ជើញមកចូលរួមពិធីសម្ពោធវិមានឈ្នះ ឈ្នះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូនេះថា តបតាមការ អញ្ជើញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធា មជ្ឈិមនៃសាធារណរដ្ឋប្រជា មានិតចិន នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីចូលរួម សម្ពោធវិមានឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ក៏មានវត្តមានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង ឯកឧត្តម នាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់បន្ថែមថា ក្រៅពីចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ, អំឡុងពេលបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨នោះ ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋាន សហប្រតិបត្តិការ យោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន នឹងមានកម្មវិធីមួយចំនួនទៀត រួមមានកម្មវិធី ចូលជួប សម្តែងការគួរសមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, ឯកឧត្តម នាយឧត្តម សេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការ ដ្ឋានអង្គរក្ស។ អ្នកនាំពាក្យក្រសួងការពារជាតិ ដដែលឱ្យដឹងបន្តទៀតថា ក្រៅពីនេះ ឧត្តមសេនីយ៍ទោ Ci Guowei នឹងចូលរួម កិច្ចប្រជុំលើកទី៣ រវាងក្រុមការងារពិធីសារជំនួយយោធាកម្ពុជា-ចិន និងពិធីចុះហត្ថលេខាជំនួយយោធាឥតសំណងមុននឹងធ្វើ មាតុភូមិនិវត្តន៍ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនវិញ។

ដោយឡែក សម្រាប់វត្តមានរបស់រដ្ឋមន្រ្តីការពារប្រទេសវៀតណាមវិញ នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់ថា អំឡុង ទស្សនកិច្ច ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីការពារប្រទេស វៀតណាមនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នៅវិមានមិត្តភាព។ បន្ទាប់ពីនោះ ភាគីទាំងពីរ នឹងមានពិធីចុះហត្ថលេខាលើពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-វៀតណាម ឆ្នាំ២០១៩។ គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស នឹងចូលជួបសម្តែងការគួរសម សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះ សម្រាប់ទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារប្រទេសឡាវ អ្នកនាំពាក្យក្រសួងការពារជាតិ អោយដឹងថា នឹងធ្វើឡើង ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០១៨ ដូចគ្នា ហើយកំឡុងពេលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្រ្តីការពារប្រទេសឡាវ រួមនឹងគណៈប្រតិភូនឹងចូលជួបសម្តែងការគួរសម សម្តេចពិជ័យសេនា ទៀ បាញ់។ បន្តមកទៀត គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ នឹងចូលជួបសម្តែងការគួរសម សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយភាគីទាំងពីរ ក៏នឹងមានចុះហត្ថលេខាលើពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរ ឡាវ-វៀតណាម ឆ្នាំ២០១៨ ផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation