ឱកាសប្រជាពលរដ្ឋបញ្ចេញមតិយោបល់ក្នុងការស្នើសុំ និងបញ្ហាប្រឈម របស់ពួកគាត់ ក្នុងមូលដ្ឋាន
| ព័ត៌មានជាតិ
SHARE

(ក្រចេះ )៖ វេទិការសាធារណៈ ដែលធ្វើឡើងដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ ពីសកម្មភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈជូនពួកគាត់ប្រចាំថ្ងៃ ក៏ដូចជាលើកនូវបញ្ហាប្រឈម ដើម្បីឲ្យអាជ្ញាធរបានដឹងនិងជួយដោះស្រាយ ។ ជាក់ស្តែងព្រឹកថ្ងៃទី ២៤ ធ្នូ ២០១៨ វេទិការសាធារណៈក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត រួមមន្រ្តីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះស្វែងយល់ពីទុក្ខលំបាក និងបញ្ហាប្រឈមប្រចាំថ្ងៃរបស់បងប្អូនក្នុងតំបន់នោះ និងជាពិសេសបានផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមបញ្ចេញមតិយោបល់ផងដែរ ។


ក្នុងវេទិការពេលនោះ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហារួមមាន ៖ ១-ផ្លូវចេញចូលភូមិមានការលំបាក ដូច្នេះពួកគាត់សុំឲ្យជួយជួសជុល និងធ្វើបន្តភ្ជាប់បន្ថែម ២-ប្រជាការពារខ្វះខាតនូវសម្ភារៈ និងឯសណ្ឋាន ក្នុងការចុះធ្វើការ និង៣-ការបាត់បង់រួមតូចដីកសិកម្ម ពីការបោះបង្គោលព្រំកំណត់ដីអភិរក្សលើសត្វក្តាន់ពីក្រុមអង្គការនិងអាជ្ញាធរ និងកំពុងទន្ទឹងចាំទទួលប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីរបស់ពួកគាត់ ពីអាជ្ញាធរដែនដី ។


ទាក់ទងនឹងបញ្ហាខាងលើនេះអាជ្ញាធរជំនាញពាក់ព័ន្ធ បានធ្វើការពន្យល់បកស្រាយ និងទទួលយកនូវសំណើររបស់បងប្អូនផងដែរ ។ មានប្រសាសន៍បន្ថែមទៅនឹងបញ្ហាលើឡើងរបស់បងប្អូន ក៏ដូចជាការបកស្រាយរបស់អាជ្ញាធរដែលនោះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គវេទិការ បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់គិតគួរពីសុខទុក្ខជិវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រភពនៃការប្រកបរបរបង្ករបង្កើនផល គឺដីធ្លី ។ ហើយក្នុងនោះជម្រុញឲ្យធ្វើការដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចតាមរយៈអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តមបន្តថា ៖ សម្រាប់តំបន់អភិរក្សសត្វក្តាន់ សុំឲ្យអាជ្ញាធរស្រុក ឃុំ រួមនិងក្រុមអភិរក្ស ត្រូវធ្វើការប្រជុំពិភាក្សាកំណត់នូវព្រំនៃដែនជម្រករបស់សត្វក្តាន់ឲ្យបានច្បាស់លាស់ឡើងវិញ និងត្រូវផ្សព្វផ្សាយជាសាធារណៈឲ្យប្រជាពលរដ្ឋនៅតំបន់នោះបានដឹង និងអនុវត្តន៍តាម ជៀសវាងនូវទំនាស់ ហើយត្រូវដឹងថា ៖ ដីតំបន់អភិរក្ស គឺមិនរាប់បញ្ចូលនូវដីសាធារណៈ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ៕ (នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation