ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងអំពាវនាវឲ្យរក្សាសណ្ដាប់ធ្នាប់និងការស្រុះស្រួលគ្នា បន្ទាប់ពីការតវ៉ាអាវកាក់ពណ៌លឿងហាកចុះថយ បើធៀបនឹងសប្តាហ៍មុន

image

បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឲ្យមានការរក្សាសណ្ដាប់ធ្នាប់ ភាពស្ងប់ស្ងាត់ និង ការស្រុះស្រួលគ្នា បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រោមយុទ្ធនាការពាក់អាវកាក់ពណ៌លឿងមិនទាន់បញ្ចប់ ។ ទោះយ៉ាងនេះក្តី ចំនួនអ្នកចេញតវ៉ា តាមផ្លូវទាំងនៅក្នុងទីក្រុងប៉ារីស ក៏ដូចជាទីក្រុងដទៃទៀតនៅទូទាំងប្រទេស មានចំនួនតិចជាង បើធៀបនឹង កាលពីចុងសប្តាហ៍ មុននោះ។

លោកប្រធានាធិបតីបារាំង បានថ្កោលទោសចំពោះហិង្សាដែលបង្ករឡើងដោយក្រុមអ្នកតវ៉ា ដោយសង្កត់ធ្ងន់ថា នឹងប្រើវិធានការ ច្បាប់យ៉ាងតឹងរឹងឆ្លើយតបអោយបានសាកសម។ លោក Macron ថ្លែងបែបនេះ បន្ទាប់ពីខ្សែវីដេអូដែលថតដោយអ្នកកាសែត ឯករាជ្យមួយរូប បានបង្ហាញពីទិដ្ឋភាពដែល ប៉ូលិសមួយរូបបានភ្ជង់កាំភ្លើងដាក់ក្រុមបាតុករ ខណៈដែលពួកគេ បានព្យាយាមរុញ ច្រានម៉ូតូរបស់គាត់អោយដួលទៅលើដី ហើយបានគប់វត្ថុរឹងទៅលើមន្ដ្រីប៉ូលិសរូបនោះ។

ចាប់តាំងពីលោកប្រធានាធិបតីវ័យ៤១ឆ្នាំរូបនេះ ប្រកាសដាក់ចេញវិធានការដើម្បីប្រឆាំងទប់ស្កាត់ក្រុមអ្នកតវ៉ា តាមកញ្ចក់ ទូរទស្សន៍មួយកាលពីថ្ងៃទី១០ ខែធ្នូមកមក គេមិនបានឃើញលោក Emmanuel Macron បង្ហាញខ្លួនជាសាធារណៈទៀតឡើយ ដោយលោកនិងគណរដ្ឋមន្ត្រីរបស់លោក បានសម្ងំនៅក្នុងវិមានរដ្ឋាភិបាល Elysee ហើយត្រូវបានក្រុមអ្នកអ្នកនាំពាក្យ អះអាងប្រាប់អ្នកកាសែតថា លោកប្រធានាធីបតីកំពុងដឹកនាំកិច្ចប្រជុំផ្ទៃក្នុង។

ការស្ទង់មតិមួយបានបង្ហាញថា ការកើតមានបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក Macron គឺគណបក្សរណសិរ្សជាតិស្តាំ និយមដែលត្រូវបានគេស្គាល់ខ្លីថា រណសិរ្សជាតិនោះ ជាអ្នកទទួលបានផលចំណេញផ្នែកនយោបាយធំជាងគេ៕