អ្នកនាំពាក្យCPP ​បញ្ជាក់ថា ការជ្រើសតាំងបំពេញបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិកា​កណ្តាល ជាគោលការណ៍ចំបង របស់បក្ស​ ឆ្ពោះទៅរកការទទួលខុសត្រូវ និងភាពឈ្នះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការអង្គ​សន្និបាត អស់រយៈពេល៣ថ្ងៃ, នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ​សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ បានបញ្ចប់ដោយជោគជ័យ តាមរបៀបវីរៈដែលបានកំណត់។

ក្រោយបញ្ចប់អង្គសន្និបាត នៅរសៀលថ្ងៃទី២០ធ្នូដដែលនេះ ឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរួមគ្នា ធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃ​សន្និបាតរបស់គណបក្ស​ ដោយបានបញ្ជាក់ពី លទ្ធផលសំខាន់ៗ ដែលអង្គសន្និបាតសម្រេចបាន។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ បានឲ្យដឹងថា សមាជិក​ជាន់ខ្ពស់​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បោះឆ្នោត​ជ្រើសតាំង ​បំពេញបន្ថែម​ សមាជិក​គណៈអចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​កណ្តាល​ចំនួន៧រូប​។ ​សមាជិក​គណៈអចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្តាល ចំនួន​៧រូប ដែល​ត្រូវបាន​អង្គសន្និបាត ​បោះឆ្នោត​ជ្រើសតាំង ​មានដូចជាៈ ១. ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន , ២. ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, ៣. ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​, ៤. ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន​, ៥. ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​,៦. ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ​និង​៧. ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ឥត សារ៉ាត់​។​ ​ចំណែក ឯកឧត្តម ឯក សំអុល ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានគណៈត្រួតពិនិត្យ គណៈកម្មាធិការកណ្តាល។

​សូមជម្រាបថា ​តាមរយៈការបោះឆ្នោត បំពេញបន្ថែមនេះ បានធ្វើឲ្យចំនួនសមាជិកគណៈអចិន្រៃ្តយ៍ កើនដល់៣៧រូប នាពេលនេះ។

បើតាមអ្នកនាំពាក្យបានបញ្ជាក់ថា ការជ្រើសតាំងបំពេញបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍នេះ គឺជាគោលការណ៍ចំបង របស់គណបក្សប្រជាជនកម្ពុជា គឺរក្សាចាស់ បន្ថែមថ្មី ដែលនេះជាគោលនយោបាយចំបង ឆ្ពោះទៅរកការទទួលខុសត្រូវ ភាពឈ្នះដោយចីរភាព សម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តមអ្នកនាំពាក្យគណបក្ស បានឲ្យដឹងដែរថា អង្គសន្និបាត ក៏បានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផល នៃវិស័យសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៨ ដែលបានសម្រេច តាមការរំពឹងទុកពីដើមឆ្នាំ ពង្រីកបាននូវភាពអនុគ្រោះ សម្រាប់ឆ្នាំ២០១៩បន្តទៀត។ អង្គសន្និបាត បានកំណត់ទិសដៅបន្តកសាង និងពង្រឹងគណបក្សឲ្យរឹងមាំ លើគ្រប់វិស័យ ដែលជាកិច្ចការមានអត្ថន័យ កំណត់ចំពោះជោគជ័យរបស់គណបក្ស ទាំងក្នុងរយៈពេលកន្លងមក ក៏ដូចបច្ចុប្បន្ន និងតទៅខាងមុខទៀត។

គួររំលឹកថា សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងមានអ្នកចូលរួមជាង៣ពាន់នាក់៕

( អត្ថបទ ៖ សន ពិសិដ្ឋ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation