ឆ្នាំ២០១៨ អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានអ្នកដំណើរឆ្លងកាត់ជាង ៤លាននាក់
| ព័ត៌មានជាតិ
SHARE

នាយកគ្រប់គ្រងទូទៅ នៃអាកាសយាដ្ឋានអន្តរជាតិសៀមរាប ប្រកាសថា ឆ្នាំ២០១៨នេះ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ ទាំង៣នៅកម្ពុជា កើនឡើង១០លាននាក់ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានអ្នកដំណើរឆ្លងកាត់ជាង៤លាននាក់។

ជើងហោះហើរទាំង៣នោះ មានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សៀមរាប និងអាកាសយានដ្ឋានក្រុងព្រះសីហនុ។

លោក យ៉ាននីក អៃយើរី(Yannick Aillerie) នាយកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប លើកឡើងថា នៅក្នុងឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ មានអ្នកដំណើរឆ្លងកាត់ចំនួន ១០លាននាក់ មានការកើនឡើងចំនួន ២លាននាក់ ធៀបនឹងឆ្នាំ២០១៧កន្លងមក។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបតែមួយ គឺនៅក្នុងឆ្នាំ២០១៨នេះមានអ្នកដំណើរឆ្លងកាត់ចំនួនជាង ៤លាននាក់។

ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ថ្លែងថា កំណើននៃការធ្វើដំណើរ តាមអាកាសយានដ្ឋានទាំង៣នេះ ផ្តល់ការងារនិងប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថា ក្នុងចំណោម១០លាននាក់ មួយភាគធំប្រហែលជាភ្ញៀវទេសចរបរទេសដែលបានមកកម្សាន្តនៅកម្ពុជា។

លោកបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប ឆ្នាំ២០១៨នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់២លាន៦សែននាក់។ អ្វីដែលអាជ្ញាធរកំពុងតែខិតខំធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ គឺការពង្រឹងគុណភាពសេវាទាំងនៅអាកាសយានដ្ឋាន និងនៅទីក្រុង ព្រមទាំងការរៀបចំគោលដៅទេសចរណ៍ថ្មីៗក្រៅពីតំបន់អង្គរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation