ប្រមុខរដ្ឋ វៀតណាម បង្គំគាល់ និងធ្វើសវនការ ជាមួយនឹងព្រះមហាក្សត្រកម្ពុជា
| ព័ត៌មានជាតិ
SHARE

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម VNA ចុះផ្សាយថា កាលពីរសៀលថ្ងៃពុធទី១៩ធ្នូ ម្សិលមិញនេះ ក្រោយពេលយាងដល់ទីក្រុងហាណូយ ឯកឧត្តម ង្វៀន ហ្វូចុក ប្រមុខរដ្ឋ អគ្គលេខាធិការបក្ស កុំមុន្និសវៀតណាមបាន បង្គំគាល់ និងធ្វើសវនការ ជាមួយនឹងព្រះមហាក្សត្រកម្ពុជា។

ឯកឧត្តម អគ្គលេខាធិការបក្សប្រមុខរដ្ឋវៀតណាម បានសំដែងនូវអំណរសាទរ និងរីករាយជាពន្លឹកដែលបានជួបសម្តេចនរោត្តមសីហមុនី។ លោកមានប្រសាសន៍ថា សម្តេចនរោត្តមសីហមុនី ជាមិត្តដ៏ជិតស្និតរបស់ពលរដ្ឋវៀតណាម ហើយបានគូសបញ្ជាក់ថា ដំណើរទស្សនៈកិច្ចសំរាកលំហែព្រះកាយរបស់ព្រះអង្គ នាពេលនេះ បានសំដែងឲ្យឃើញនូវ មនោសច្ចេតនាមិត្តភាពពិសេស របស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រទានចំពោះទឹកដី និងប្រជាជនវៀតណាម។

ឯកឧត្តមបន្តទូលថ្វាយព្រះមហាក្សត្រទៀតថា ក្នុងនាមជាប្រមុខរដ្ឋវៀតណាម ឯកឧត្តមសូមសំដែង នូវព្រះអំណរគុណ ដ៏ស្មោះសបំផុត ថ្វាយចំពោះព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកម្ពុជា ដែលធ្លាប់បានទទួលដំណើរទស្សនៈកិច្ច របស់ឯកឧត្តមនាពេលកន្លងមក ដោយបដិសណ្ឋារកិច្ចរីករាយកក់ក្តៅ យ៉ាងជិតស្និតបំផុត។ លោកបានថ្វាយព្រះពរចំពោះសមិទ្ឋផល ដែលប្រជាជនកម្ពុជា ដណ្តើមបានក្រោមការគ្រប់គ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាសម្តេចសីហមុនី ព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦កន្លងមក និងបានបង្កើតរាជរដ្ឋាភិបាល បានដោយជោគជ័យ។

លោកបានទូលថ្វាយព្រះមហាក្សត្រកម្ពុជា នូវសេចក្តីនឹករលឹកចំពោះហ្លូវម៉ែ ព្រមទាំងគោរព យាងហ្លូងម៉ែ និងព្រះមហាក្សត្រ បំពេញទស្សនៈកិច្ចផ្លូវរដ្ឋ ឬទស្សនៈកិច្ចលំហែព្រះកាយ នៅប្រទេសវៀតណាម ក្នុងឱកាសដ៏ប្រពៃណាមួយ។

មានបន្ទូរឆ្លើយតប ចំពោះប្រមុខរដ្ឋវៀតណាម ព្រះករុណា សម្តេចព្រះនរោត្តមសីហមុនី បានសំដែងនូវព្រះទ័យសប្បាយរីករាយ ដោយបានមកទស្សនា នៅវៀតណាម និងសំរាកលំហែ ព្រះកាយជាថ្មីម្តងទៀតនាពេលនេះ និងសំដែងអំណរគុណដ៏ស្មោះស នូវបដិសណ្ឋារកិច្ច និងមនោសច្ចេតនាដ៏ខ្ពង់ខ្ពស់ ថ្វាយចំពោះព្រះអង្គ និង សំដែងនូវព្រះទ័យរីករាយ ចំពោះវឌ្ឍនភាព នៃចំណងទាក់ទងប្រទេសទាំង២ ចាប់តាំងពីថ្ងៃទំនាក់ទំនងការទូត ជាផ្លូវការដោយបានឃើញថា ប្រទេសទាំង២ បានពង្រឹង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះមានទាំងសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ានផង។

សូមជំរាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងព្រះរាជដំណើរតាមព្រះរាជទីនាំងយន្តហោះពិសេសមកដល់ ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីម្សិលមិញនេះ។ ព្រះរាជដំណើររបស់ព្រះអង្គ ដើម្បីបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយសូមយាងរបស់ប្រមុខរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃ១៩-២១ ខែធ្នូ ឆ្នាំ២០១៨៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation