គិលានុបដ្ឋាក-យិកា និងឆ្មប​ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដ៏សំខាន់មិនអាចខ្វះបាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ តួនាទីរបស់គិលានុបដ្ឋាក-យិកា និងឆ្មប មានសារៈសំខាន់ណាស់ ដើម្បីធ្វើការថែទាំព្យាបាល ឲ្យមានប្រសិទ្ធភាព ពីព្រោះគិលានុបដ្ឋាក-យិកា ជាសហការីដ៏ជិតស្និទ្ធបំផុតរបស់គ្រូពេទ្យ ដែលមិនអាចខ្វះបាន ក្នុងការផ្តល់នូវព័ត៌មានស្តីពីស្ថានភាពអ្នកជំងឺ និងផ្តល់ការថែទាំសមស្រប ដល់អ្នកជំងឺនៅគ្រប់កាលៈទេសៈ។ នេះបើតាមប្រសាសន៍ របស់ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើង នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ ក្នុងឱកាសដែលមន្ទីរពេទ្យ ប្រារព្ធទិវាវិទ្យាសាស្ត្រថែទាំ គិលានុបដ្ឋាក-យិកា ឆ្មប លើកទី៨។

ឯកឧត្តមសាស្ត្រាចារ្យបានបន្ថែមថា សេវាថែទាំរបស់គិលានុបដ្ឋាក-យិកា និងឆ្មប​ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល នៃ​កម្ពុជា ដ៏សំខាន់មិនអាចខ្វះបាន។ សេវាថែទាំទាំងនេះរួមមាន ៖ ការថែទាំផ្ទាល់ដល់អ្នកជំងឺ ការលើកកម្ពស់សុខភាព ការថែទាំស្ត្រីមានផ្ទៃពោះ ការស្តារនីតិសម្បទា ការលើកកម្ពស់គុណភាព នៃការថែទាំ ការថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ ការលើកកម្ពស់វិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលបន្ត ការស្រាវជ្រាវ ដើម្បីកែលម្អចំណុចខ្សោយនៃការថែទាំ ការចូលរួមចំណែកក្នុងការរៀបផែនការ ឬគោលនយោបាយ ថែទាំសុខភាព និងសេវាថែទាំសំខាន់ៗដទៃទៀត។ សេវាទាំងនេះហើយ ដែលជាកត្តាជំរុញឲ្យ គិលានុបដ្ឋាក-យិកា និងឆ្មប បានចូលរួមចំណែកយ៉ាងធំធេង បម្រើសុខុមាលភាពរបស់ប្រជារាស្ត្រ នៅទូទាំងប្រទេស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ របស់ក្រសួងសុខាភិបាល។

ឯកឧត្តម អគ្គនាយករង បានគូសបញ្ជាក់ដែរថា ទិវាវិទ្យាសាស្ត្រថែទាំ គិលានុបដ្ឋាក-យិកា និងឆ្មប លើកទី៨ ស្តីពី «ការអភិវឌ្ឍសេវាថែទាំប្រកបដោយគុណភាព» នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់ពីសមិទ្ធផល និងរបកគំហើញថ្មីៗ គិលានុបដ្ឋាក-យិកា និងឆ្មប ដែលបានប្រឹងប្រែង ក្នុងអំឡុងពេលកន្លងមក ក្នុងការថែទាំជំងឺ មកពិភាក្សាលើករណី ជំងឺចាំបាច់មួយចំនួន ដែលបានជួបប្រទះ ទាំងឧបសគ្គ និងដំណោះស្រាយល្អៗ ក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ចែករំលែកនូវបទពិសោធន៍រវាងគ្នា ដើម្បីបង្កើននូវចំណេះដឹង ជំនាញ និងឥរិយាបថ ត្រឹមត្រូវល្អក្នុងគោលបំណង កាត់បន្ថយការសម្រាកពេទ្យយូរ អត្រគ្រោះថ្នាក់ និងស្លាប់នៅក្នុងមន្ទីរពេទ្យ ពិសេសជូនដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺនូវស្នាមញញឹម នៃក្តីសង្ឃឹមពេលចេញពីមន្ទីរពេទ្យ។

គួរជម្រាបថា ​កម្ពុជា ជាសមាជិកមួយ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ យោងតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក សមាជិកអាស៊ាន បានឯកភាពគ្នាពង្រឹងសមត្ថភាព របស់គិលានុបដ្ឋាក-យិកា និងឆ្មប់ ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាថែទាំ ក្នុងតំបន់ជាក់ស្តែង គិលានុបដ្ឋាក-យិកា យើងបានទៅបន្តការសិក្សាស្វែងយល់ ពីបណ្តាប្រទេសជិតខាង ដូចជា ៖ សិង្ហបុរី ថៃ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន សហរដ្ឋអាមេរិក ដើម្បីបង្កើននូវសមត្ថភាពថែទាំ ព្យាបាល ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation