អាជ្ញាធរក្រុង និងមន្ទីរសាធារណការកំពុងរុញដាក់គ្នា រឿងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកជ្រោះមនោរម្យដែលកំពុងរងការខូចខាតផ្នែកខ្លះស្ទើរទាំងស្រុង
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ កំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែដែលបំបែកឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះមនោរម្យ ឬហៅថា(ទឹកជ្រោះ ដំណាក់ស្ដេច) ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បាននិងកំពុងរងការខូចខាតយ៉ាងដំណំច្រើន ឆ្នាំមកហើយ ខណៈអាជ្ញាធរខេត្ត ជាពិសេសមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅមិនទាន់ឃើញមានការជួសជុលនោះទេ ដោយកត្តានេះបានធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលសម្រុកមកលេងកម្សាន្តនៅគោលដៅទេសចរណ៍ខាងលើជួបការលំបាកជាខ្លាំង និងអាចប្រឈមជាមួយគ្រោះថ្នាក់ទៀតផងក្នុងពេលធ្វើដំណើរឆ្លងកាត់ ។

ចំណុចដែលកំពុងរងការខូចខាតលើកំណាត់ផ្លូវឆ្ពោះចូលរមណីដ្ឋានទឹកជ្រោះដំណាក់ស្ដេចនេះ គឺមានប្រវែងប្រហែល១គីឡូម៉ែត្រ ដោយតួផ្លូវនោះមានផ្នែកខ្លះបានកើតជាជង្ហុកតូចៗជាច្រើន និងមានទួលចំណោទមួយរងការខូចខាតទាំងស្រុងតែម្ដង ដែលចំណុចនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណ៍បើករថយន្តឆ្លងកាត់នោះ ព្រោះចំណុចខាងលើស្ថិតនៅទីទួលខ្ពស់ ដែលអាចធ្វើឲ្យរថយន្តដែលឡើងទួលមួយនេះមានស្ថានភាពលំបាករអិល និងអាចប្រឈមគ្រោះថ្នាក់ណាមួយជាមិនខាន ។

ពលរដ្ឋដែលរស់នៅអមដងផ្លូវខាងលើបានរៀបរាប់ថា ផ្លូវមួយខ្សែនេះបានខូចខាតប្រហែល៣ឆ្នាំមកហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ ជាពិសេសគឺភ្ញៀវទេសចរណ៍តែម្ដង មានពេលខ្លះភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅទឹកជ្រោះមួយនេះ ត្រូវឈប់រថយន្តនៅខាងលើទីទួល និងត្រូវដើរចុះមកក្រោមទៅកាន់រមណីដ្ឋានដែលមានប្រវែងផ្លូវឆ្ងាយគួរសមដែរ ព្រោះពួកគាត់មិនហ៊ានបើកបរចុះចំណោទត្រង់កន្លែងដែលកំពុងខូចខាតខ្លាំងនោះទេ ហើយឆ្នាំមុនត្រង់ចំណុចនោះ ក៏ធ្លាប់មានរថយន្តរបស់ភ្ញៀវទេសចរណ៍ក្រឡាប់ដែរ ដោយហេតុឡើងចំណោទដែលកំពុងខូចខាតយ៉ាងដំណំនោះមិនរួច ធ្វើឲ្យរថយន្តរអិលថយក្រោយវិញក្រឡាប់តែម្ដង។ ពលរដ្ឋខាងលើក៏បានសំណូមដល់អាជ្ញាធរខេត្តមណ្ឌលគិរី ឲ្យជួយជួសជុលកែសម្រួលផ្លូវមួយខ្សែនេះឲ្យល្អវិញផង ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានធ្វើដំណើរឆ្លងកាត់ស្រួលជាងនេះ ។

ពាក់ព័ន្ធនិងបញ្ហានេះ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក ម៉ៅ ធនរក្ស បានថ្លែងប្រាប់ថា មន្ទីរសាធារណការ និងដឹកជញ្ជូន មានលទ្ធភាពប្រើប្រាស់កញ្ចប់ថវិកាជាតិ ស្ថាបនា ឬជួសជុល សម្រាប់តែផ្លូវជាតិ ឬផ្លូវឆ្លងកាត់ខេត្តធំៗប៉ុណ្ណោះ ដោយរាល់សសៃផ្លូវតូចៗក្នុងក្រុង គឺថ្នាក់ជាតិប្រគល់ឲ្យអាជ្ញាធរក្រុងជាអ្នកគ្រប់គ្រងថែទាំ ។

ជាមួយគ្នានេះដែរ លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានថ្លែងដែរថា ការងារនេះគឺអាជ្ញាធរក្រុងសែនមនោរម្យ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត រួមជាមួយរដ្ឋបាលសាលាខេត្ត ធ្លាប់បានពិភាក្សាគ្នាលើកយកដាក់ក្នុងផែនការប្រចាំឆ្នាំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីដែរ ដែលជាមន្ទីរជំនាញជាអ្នកជួសជុលឡើងវិញ ប៉ុន្តែក្នុងករណីដែលមន្ទីរសាធារណៈការ រុញមកឲ្យអាជ្ញាធរក្រុងសែនមនោរម្យជាអ្នកទទួលបន្ទុក រដ្ឋបាលក្រុងនឹងពិភាក្សាជាមួយរដ្ឋបាលសាលាខេត្តម្ដងទៀត ដើម្បីរកកញ្ចប់ថវិកាជួសជុល ឬស្ថាបនាផ្លូវមួយខ្សែឡើងវិញ នៅដើមឆ្នាំ២០១៩ខាងមុខ ៕ អត្ថបទ នាង ចាន់ថា+ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation