វីង ចាប់ផ្តើមសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសជាលើកដំបូង
| ព័ត៌មានជាតិ
SHARE

ធនាគារឯកទេស វីង បានប្រកាសពីដំណើរការសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន តាមរយៈ Wing2World។ អតិថិជនកម្មវិធីស្មាតហ្វូនវីង នៅពេលនេះ អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ដែលអ្នកទទួលប្រាក់ អាចទទួលប្រាក់ ពីធនាគារណាមួយ ក្នុងចំណោមសាខាទាំង ៨០ នៅទូទាំងប្រទេសហ្វីលីពីន និងផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាម ដែលអ្នកទទួលប្រាក់ អាចទទួលបានដោយផ្ទាល់ នៅសាខាធនាគារ Sacom ណាមួយក៏បាន ឬទទួលដោយផ្ទាល់ពីបុគ្គលិករបស់ធនាគារ។

ការប្រកាសនេះ បានធ្វើឡើង ខណៈ វីង បានផ្តល់សេវាទទួលប្រាក់មកពីជាង ២០០ ប្រទេសទូទាំងពិភពលោក។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានឲ្យដឹងថា ជំហាននេះគឺស្របទៅនឹងបេសកកម្មរបស់វីង ក្នុងការបង្កើតភាពងាយស្រួលមួយកម្រិតទៀត សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ វាជាគោលបំណងរបស់ វីង ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជាច្រើនទៀត។

វីងបានឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅកម្ពុជា អស់រយៈពេល ១០ ឆ្នាំមកហើយ ជាធនាគារមួយ ដែលបានត្រួសត្រាយផ្លូវ ក្នុងការបង្កើតសង្គមមួយ ដែលធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅកម្ពុជា ដែលនៅពេលនោះ ធនាគារនឹងមានភាពងាយស្រួល, មានសុវត្ថិភាព និងមានកម្រៃសេវាប្រសើរជាងមុន។ ពិភពលោកនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech បានបង្កើតឱកាសថ្មីៗជាច្រើន សំរាប់ធនាគារចល័តជារៀងរាល់ថ្ងៃ។

លោក ចូចូ ម៉ាឡូឡូស បានបន្ថែមថា ប្រសិនបើអ្នកត្រូវការផ្ញើ ឬទទួលប្រាក់ពីក្រៅប្រទេស អ្វីដែលអ្នកត្រូវការ គឺកម្មវិធីស្មាតហ្វូនវីង។ ភាពងាយស្រួលប្រើកម្មវិធីនេះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់របស់វីង អាចចូលទៅកាន់ Wing2World ដែលជាច្រកទៅកាន់ពិភពលោក នៃភាពងាយស្រួល។

វីង បាននិងកំពុងផ្តល់សេវាកម្មផ្ទេរប្រាក់មកពីប្រទេសជាង ២០០ រួចទៅហើយ ហើយរំពឹងថា ចំនួននេះនឹងកើនឡើងស្វ័យគុណ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
អ្នកចង់ផ្ញើប្រាក់ ទៅប្រទេសហ្វីលីពីន និងវៀតណាម ពីប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូន វីង WingMoney និង Wing2World ត្រូវមានគណនីស្តង់ដារបស់ វីង ដែលបានចុះបញ្ជីរួចជាមួយកម្មវិធី។ ប្រាក់ដែលត្រូវផ្ញើ ត្រូវបានផ្ញើជាប្រាក់ដុល្លារអាមេរិក ហើយអាចត្រូវបានទទួលបានជាប្រាក់ដុល្លារអាមេរិក ប្រសិនបើគណនីរបស់អ្នកទទួល គឺជាប្រាក់ដុល្លារអាមេរិក ឬប្រាក់ដែលត្រូវទទួលបានជា “ប៉េសូ” ហ្វីលីពីន ឬ “ដុង” វៀតណាម។ ប្រាក់ថ្លៃបញ្ជើរ មិនត្រូវបានបង់ដោយអ្នកទទួលនោះទេ ហើយភាគច្រើន ប្រតិបត្តិការផ្ទេរប្រាក់នេះ អាចនឹងត្រូវបានបញ្ចប់ ក្នុងរយៈពេលតែ១ថ្ងៃ។

Wing2World គឺជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ វីង ដែលផ្តល់ជូនទាំងសេវាផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស។ វីង បានផ្ដល់លទ្ធភាព ដល់អ្នកធ្វើអន្តោប្រវេសន៍រាប់ពាន់នាក់ និងអ្នកទទួលផលពីពួកគេ ក៏ដូចជាជនបរទេសជាច្រើន ដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
គួររម្លឹកថា វីង បានចាប់ផ្តើមដំណើរការ Wing2World កាលពីដើមសប្តាហ៍នេះ ដោយអនុញ្ញាតឱ្យអ្នកមានគណនីវីងទាំងអស់ អាចទទួលប្រាក់ដែលផ្ទេរពីជាង២០០ប្រទេស ដែលរួមមានប្រទេសថៃ, កូរ៉េខាងត្បូង, ជប៉ុន, អូស្រ្តាលី, សហរដ្ឋអាមេរិកបារាំង, ម៉ាឡេស៊ី និងសិង្ហបុរី។

អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation