ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំមហាសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥

image

​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំ ​សន្និបាតគណៈកម្មាធិការកណ្តាល​ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

​បើតាមប្រសាសន៍ សម្តេចពញាចក្រី ហេង សំរិន ​ប្រធានកិត្តិយសគណបក្ស និងជាប្រធានរដ្ឋសភា បានមានប្រសាសន៍ថា មហាសន្និបាតនេះ ធ្វើឡើង ដើម្បីពិនិត្យ និងវាយតម្លៃ អំពីសភាពការណ៍ទូទៅ អំពីការដកពិសោធន៍ការងារកន្លងមក និងការកំណត់ទិសដៅ វិធានការនានា ដែលត្រូវប្រកាន់យក សម្រាប់ការអនុវត្ត នៅពេលខាងមុខ។

សម្តេច ហេង សំរិន បន្ថែមថា មហាសន្និបាតនេះ បានធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជន បានបន្តដឹកនាំប្រទេសយ៉ាងរឹងមាំ តាមរយៈការបោះឆ្នោត តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សម្តេចប្រធានកិត្តិយស ថ្លែងបញ្ជាក់ថា មហាសន្និបាត នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដូចជា ៖ ១.ឆ្លងនិងសេចក្តីព្រាង របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩, ២.ការបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិក គណៈចាត់ចែង និងជ្រើសរើស ប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល, ៣.ការបោះឆ្នោតជ្រើសតាំង បំពេញបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលមួយចំនួន។

​សូមជម្រាបថា សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល បានចូលរួមចំនួន៨២៩រូប លើរចនាសម្ព័ន្ធរួម៨៦៥រូប បន្ថែមលើនេះ អង្គសន្និបាត ក៏បានបើកទូលាយ ដោយមានអញ្ជើញឯកឧត្តម លោកជំទាវ លោកលោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ មួយចំនួន នៅតាមក្រសួង ស្ថាប័នរាជធានី ខេត្ត ក្រុង អង្គការមហាជន និងក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានី ខេត្តចូលរួម ធ្វើឲ្យចំនួនអ្នកចូលរួម មាន​ជាង៣ពាន់នាក់៕
(អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី)