សម្តេចតេជោ គាំទ្រឲ្យមានច្បាប់ដាក់ទោសទណ្ឌ ចំពោះអ្នកដែលបំពានចាក់ដីចូលសមុទ្រ ដោយគ្មានការអនុញ្ញាត
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ មានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​​ក្នុងពិធីបើក​ជាផ្លូវការ ​ពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ​ជំរុញឲ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់, ឯកឧត្តម ​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមគ្នា អនុវត្តឲ្យបានម៉ឹងម៉ាត់ ដើម្បីធានាថា គ្មានការបង្ហូរទឹកកខ្វក់ចូលសមុទ្រ​។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើង ស្របពេលដែល​បច្ចុប្បន្នសំរាម និងទឹកកខ្វក់ហូរចូលសមុទ្រ កាន់តែច្រើនទៅៗ។ សម្តេចតេជោ បានអំពាវនាវឲ្យ​រួមគ្នាការពារឲ្យបាន ដើម្បីធានាភាពស្រស់ស្អាត នៃសមុទ្ររបស់កម្ពុជា។

ព្រមជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បាន​​ហាមឃាត់ការចាក់ដីចូលសមុទ្រ ដោយគ្មានការអនុញ្ញាត។ សម្តេចលើកឡើងដែរថា ប៉ុន្តែការចាក់ដីចូលសមុទ្រ មិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាត ឲ្យមានរៀបចំថ្ម ដើម្បីទប់រលកបង្កើត ទៅជាឆ្នេរសម្រាប់លេងកម្សាន្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចគាំទ្រឲ្យមានច្បាប់ដាក់ទោស​ ទៅលើអ្នកដែលបំពាន ចាក់ដីចូលសមុទ្រ ដោយគ្មានការអនុញ្ញាត។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដដែលនោះ ក៏បានអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធ ធ្វើយ៉ាងណារក្សាឲ្យបាន សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ដោយមិនត្រូវអនុញ្ញាតឲ្យ ក្រុមជួញដូរគ្រឿងញៀន ក្រុមភេរវករ ឬអ្នកប្រព្រឹត្តិខុសច្បាប់ ប្រើប្រាស់តំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើជាកន្លែងពួនលាក់ខ្លួននោះទេ។

បើតាមប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានភ្ញៀវទេសចរបរទេស ប្រមាណ៨០ម៉ឺននាក់ បានមកលេងកម្សាន្ត នៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ក្នុងរយៈពេលមួយឆ្នាំ ក្នុងនោះ មានប្រមាណ៥ម៉ឺននាក់ បានមកកម្សាន្ត នៅឆ្នេរសមុទ្រ ខេត្តកោះកុង។

គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធ​​ឡើង​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព»៕ អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation