ប្រជាកសិករដាំដំឡូងមីនៅខេត្តមណ្ឌលគិរីសប្បាយចិត្តនឹងតម្លៃឡើងខ្ពស់ តែបែរជាទិន្នផលធ្លាក់ចុះទៅវិញ
| ព័ត៌មានជាតិ
SHARE

ខេត្តមណ្ឌលគិរី៖ ប្រជាកសិករដាំដំឡូងមីមួយចំនួននៅខេត្តមណ្ឌលគិរីបានឱ្យដឹងថា ឆ្នាំនេះតម្លៃដំឡូងមីនៅលើទីផ្សារ បានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែប្រជាកសិករបែរជាត្អូញត្អែរថា ដំឡូងមីឆ្នាំនេះមិនសូវទទួលបានផល គឺគ្មានមើមទៅវិញ នេះបើយោងតាមសំដីរបស់ប្រជាកសិករ រស់នៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោក ញ៉ ញ៉ាញ់ ជាកសិករដាំដំណាំដំឡូងមី នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឱ្យដឹងថា ទិន្នផលដំឡូងមីឆ្នាំនេះបានថយចុះជាងឆ្នាំមុន តែចំពោះតម្លៃនៅលើទីផ្សារគឺអាចទទួលយកបាន។ លោកបន្តថាឆ្នាំមុនៗ ការប្រមូលផលដំឡូងមីរបស់លោក អាចទទួលបានផលប្រហែល១៥តោន ទៅ២៥តោន តែផ្ទុយទៅវិញឆ្នាំនេះគឺពុំសូវមានមើមនោះទេ ពោលគឺខុសគ្នាដាច់ស្រឡះពីឆ្នាំមុនតែម្តង ដោយក្នុងមួយហិកតាបានផលត្រឹមតែ៨ទៅ១០តោនប៉ុណ្ណោះ។

ប៉ុន្តែលោកបញ្ជាក់ថា តម្លៃវិញបើអ្នកប្រមូលផលមុនអាចលក់បានរហូតទៅដល់៣៩០រៀល ដល់៤១៥រៀល ដែលតំលៃនេះអាចចំនេញបានសមល្មម ហើយលោកសង្ឃឹមថា តំលៃដំឡូងមីឆ្នាំនេះនឹងមិនធ្លាក់ចុះវិញទេនៅពេលដែលដំឡូងមី ដល់រដូវប្រមូលផលពេញលេញនោះ ។
លោក ស៊ុំ ជីវ័ន្ត ដែលជាម្ចាស់ដេប៉ូទទួលទិញដំឡូងមី ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា តម្លៃដំឡូងមីឆ្នាំនេះល្អជាងឆ្នាំមុនៗ បច្ចុប្បន្នតាមដេប៉ូទទួលទិញដំឡូងមីក្នុងតម្លៃចន្លោះពី៣៩០រៀល ទៅ៤១៥រៀលក្នុង១គីឡូក្រាម ។

ទាក់ទិនបញ្ហានេះដែរ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្តមណ្ឌលគិរី មានប្រមាណ១ម៉ឺន២ពាន់ហិកតា បើធៀបនឹងឆ្នាំមុនគឺប្រហាក់ប្រហែលគ្នា ហើយនៅខេត្តមណ្ឌលគិរីក្នុងចំណោម ក្រុង/ស្រុកទាំង៥ មានស្រុកកែវសីមា និងស្រុកពេជ្រាដា ដែលមានកសិករដាំដំឡូងមីច្រើន ។ លោកថា ពាក់ព័ន្ធនិងកត្តាដែលនាំឱ្យដំឡូងមីឆ្នាំនេះមិនសូវមានមើម គឺមកពីកត្តាដីខ្វះជីជាតិ ព្រោះតែបងប្អូនកសិករដាំដំណាំដដែលៗលើដីចាស់ដែលរិចរិលអស់ជីវជាតិ ហើយករណីនេះខាងមន្ទីរជំនាញ ក៏ធ្លាប់បានចុះណែនាំ ប្រជាកសិករឱ្យផ្លាស់ប្តូរមុខដំណាំដែរ ដើម្បីប្រែក្លាយដីឱ្យមានជីវជាតិឡើងវិញនោះ៕ដោយ ៖ នាង ចាន់ថា +ប៊ុត សុភគ៌


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation