ផ្លូវជាតិលេខ៧ពីក្រុងក្រចេះទៅស្រុកសំបូរស្តារឡើងវិញសម្រេចបាន១០០ភាគរយមុនការគ្រោងទុក
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ប្រព័ន្ធគមនាគមន៍ ដែលជាចរន្តសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ បាននិងកំពុង អភិវឌ្ឍន៍រីកចម្រើន គ្រប់ទីកន្លែង ដែលបានតភ្ជាប់ពី រាជធានីទៅតាមបណ្តាខេត្ត ក្រុង ស្រុក ខ័ណ្ឌ រហូតដល់ជនបទ ខណៈដែលព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញបរិបូណ៌។

ជាក់ស្ដែង កំណាត់ផ្លូវជាតិលេខ៧ ពីចំនុចគីឡូម៉ែត្រលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់ចំនុចគីឡូម៉ែត្រលេខ៤២៤ ចំនុចអូរកណ្តៀរ ស្ថិតក្នុងភូមិអូរព្រះ ឃុុំអូរគ្រៀង ស្រុកសំបូរ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងដោយមានប្រវែងជាង៩៣គីឡូម៉ែត្រ ត្រូវបានស្ដារឡើងវិញចាប់តាំពីខែមេសា ឆ្នាំ២០១៦ និងស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០១៨នេះ។

ទន្ទឹមនឹងនោះ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូនៃក្រុមបច្ចេកទេសត្រួតពិនិត្យ និងលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសគុណភាព បន្ទាប់ពីក្រុមហ៊ុនសាងសងរបស់ចិន សាងសង់រួចរាល់ជាស្ថាពរ។

មានប្រសាសន៍លើកឡើង នៅក្នុងកិច្ចដំណើរការចុះត្រួតពិនិត្យផ្លូវនៅព្រឹកនោះដែរ ឯកឧត្តម លឹម ស៊ីដេនីន បានមានប្រសាសន៍ថា នេះគឺជាគម្រោងលើកទីមួយហើយដែលភាគីចិនប្រគល់ឱ្យក្រសួងសាធាណការ និងដឹកជញ្ជូន ធ្វើការសិក្សា គំរូប្លង់ដោយខ្លួនឯង និងប្រើប្រាស់នីតិវិធីលទ្ធកម្មជ្រើសរើស ទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យ សាងសង់ និងក្រុមហ៊ុនម៉ៅការសាងសង់ដោយខ្លួនឯង ដោយមានការចូលរួមពីក្រសួងហិរញ្ញវត្ថុ និងតំណាងស្ថានទូតចិន។ ក្រសួងសាធារណៈការដឹកជញ្ជូន ក៏បានជ្រើសរើស ក្រុមហ៊ុនវ៉ាន់អានជាទីប្រឹក្សា បច្ចេកទេសត្រួតពិនិត្យ ការងារសាងសង់ ហើយនិងក្រុមហ៊ុនសំណង់សៀងហៃ ជាក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ ៧ ។

ឯកឧត្តម លឹម ស៊ីដេនីន មានប្រសាសន៍បន្តថា ការចុះត្រួតពិនិត្យផ្លូវនេះ គណប្រតិភូ នៃក្រុមបច្ចេកទេស មាន 4ក្រុម គឺក្រុមទី១ ត្រួតពិនិត្យកម្រិតរឹងមាំនៃពីផ្លូវ, ក្រុមទី2 ត្រួតពិនិត្យផ្លូវតែម្ដង ទំហំផ្លូវ ប្រឡាយផ្លូវសងខាង ជម្រាលផ្លូវ, ក្រុមទី3 ត្រួតពិនិត្យស្លាកសញ្ញា បង្គោលសុវត្ថិភាព និងគំនូសផ្លូវ និងក្រុមទី 4 ត្រួតពិនិត្យ និងសំណង់សិល្បការ ដូចជាស្ពាន លូ ជាដើម។

ឯកឧត្តម បានបញ្ជាក់ទៀតថា គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ពីចំនុចគមលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់ចំនុចគីឡូម៉ែត្រលេខ៤២៤ ចំនុចអូរកណ្តៀរ ស្ថិតក្នុងភូមិអូរព្រះ ឃុុំអូរគ្រៀង ស្រុកសំបូរ ដោយមាន ប្រវែងជាង៩៣គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC កំរាស់ ០.១០មនេះ គឺជាជាជំនួយឥតសំណងលើកទីមួយហើយពីសាធារណរដ្ឋប្រជាមិនិតចិន ដែលមានក្រសួងពាណិជ្ជកម្មចិនជាតំណាង និងតាមរយស្ថានទូតចិន។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម ម្ចាស់យានយន្ត ធុនធំគ្រប់ប្រភេទ ដែលកំពុងចរាចណ៍ ប្រើប្រាស់លើដងផ្លូវជាតិទាំងអស់ សូមកុំឲ្យដឹកជញ្ជូនផ្ទុកលើសចំនួនច្បាប់កំណត់ និងចូលរួមថែរក្សា ការពារនូវសមិទ្ធផលនានា ជាពិសេសសមិទ្ធផលផ្លូវជាតិលេខ ៧នេះតែម្ដង ដែលជាជំនួយឥតសំណងលើកទីមួយរបស់ចិនមកកម្ពុជា និងជាប្រយោជន៍សាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ នៅគង់វង្ស បានយូរអង្វែង និងងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិ ដែលកើតឡើងជាយថាហេតុ៕ (នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation