អគ្គិភ័យបានឆេះបំផ្លាញម៉ាស៊ីនបោះឆ្នោតរាប់ពាន់គ្រឿងក្នុងប្រទេសកុងហ្គោ
| ព័ត៌មានជាតិ
SHARE

កុងហ្គោ៖ គ្រោះអគ្គិភ័យមួយបានកើតមានឡើងទាំងព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីរបស់ប្រទេសកុងហ្គោ ដោយបានឆេះបំផ្លាញម៉ាស៊ីនបោះឆ្នោតរាប់ពាន់គ្រឿង ស្របពេលដែលប្រទេសនេះនឹងរៀបចំរបោះឆ្នោតប្រធានាធិបតី ក្នុងរយៈពេល១០ថ្ងៃទៀតប៉ុណ្ណោះ។

ជុំវិញករណីនេះ ក្រុមមន្ត្រីបាននិយាយថា អគ្គិភ័យនេះហាក់បីដូចជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែពួកគេបានអះអាងថា វានឹងមិនរំខាន ដល់ការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងឡើយ។

ប្រទេសកុងហ្គោគ្រោងនឹងរៀបចំការបោះឆ្នោតដោយប្រើម៉ាស៊ីនជាលើកដំបូងនៅថ្ងៃទី២៣ ខែធ្នូខាងមុខ សម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធីបតីអាណត្តិថ្មីរបស់ខ្លួន ដែលការប្រើម៉ាស៊ីនក្នុងការបោះឆ្នោតនេះគឺជារឿងកម្រមួយសម្រាប់បណ្តាប្រទេស ក្នុងតំបន់អាហ្វ្រិក ហើយវាបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោម គណបក្សប្រឆាំង ក្រុមអ្នកការទូត ក៏ដូចជាអ្នកជំនាញការ អន្តរជាតិ អំពីការបន្លំសន្លឹកឆ្នោតដែលនឹងធ្វើអោយលោកប្រធានាធិបតីJoseph Kabila បន្តឈ្នះឆ្នោត ខណៈដែលមេដឹកនាំ
ដ៏មានអំណាចរូបនេះ បានកាន់តំណែងនេះ តាំងពីឆ្នាំ២០០១មក។

គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថា អគ្គីភ័យបានឆាប់ឆេះឃ្លាំងមួយនៅកណ្តាលរដ្ឋធានី Kinshasa ប៉ុន្តែ បានអះអាងថា គេនៅមិនអាចអាចបញ្ជាក់បាននៅឡើយទេ អំពីមូលហេតុនៃគ្រោះអគ្គីភ័យ ក៏ដូចជាទំហំនៃការខូចខាតនោះ។

ដោយឡែក ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីJoseph Kabila បាននិយាយថា អគ្គិភ័យនេះគឺជាឧក្រិដ្ឋកម្មមួយ ហើយថា ម៉ាស៊ីនបោះឆ្នោតចំនួន ៧០០០ និងបន្ទប់សម្ងាត់សម្រាប់បម្រើអោយការបោះឆ្នោតជាច្រើនត្រូវបានដុតបំផ្លាញ។

ជាមួយគ្នានេះបើតាម រដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសកុងហ្គោបាននិយាយថា ចំនួនម៉ាស៊ីនបោះឆ្នោតដែលត្រូវបានបំផ្លាញ ដោយអគ្គីភ័យនេះ ស្មើនឹង១០ ភាគរយនៃម៉ាស៊ីនបោះឆ្នោតសរុបសម្រាប់ប្រើក្នុងរដ្ឋធានី Kinshasa ប៉ុន្តែលោកបានអះអាងថា ម៉ាស៊ីនបោះឆ្នោតថ្មី នឹងត្រូវបាន យកប្រើជំនួសជាបន្ទាន់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation