ព័ត៌មានអន្តរជាតិ

អ្នកវាយប្រហារនៅក្នុងផ្សារណូអែលក្នុងទីក្រុង Strasbourg ប្រទេសបារាំងត្រូវបានប៉ូលិសបាញ់សម្លាប់

image

បារាំង៖ នៅទីបំផុតប៉ូលិសបារាំងបានបាញ់សម្លាប់បុរសខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សនៅ ផ្សារលក់ទំនិញបុណ្យណូអែលដ៏ល្បីរបស់ពិភពលោកនៅក្នុងទីក្រុងStrasbourgកាលពីថ្ងៃអង្គារ៍នោះ។

យោងតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Christophe Castaner បានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសបារាំងបានបាញ់សម្លាប់ខ្មាន់កាំភ្លើងឈ្មោះ Cherif Chekatt ដោយសារតែរូបគេបានបាញ់តដៃជាមួយប៉ូលិស នៅក្បែរតំបន់ណែដហ្វ (Neudorf) បន្ទាប់ពីប៉ូលិសច្រើនជាង៧០០នាក់ បានតាមប្រម៉ាញ់ជនសង្ស័យវ័យ ២៩ឆ្នាំរូបនេះ នៅក្នុងទីក្រុងStrasbourg ចាប់តាំងពីរូបគេបានរត់គេចខ្លួនកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីបាញ់សម្លាប់មនុស្ស ៣នាក់ និង ជាច្រើននាក់ទៀតបានរងរបួស យ៉ាងធ្ងន់ធ្ងរ។


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបន្ថែមថា មន្ត្រីប៉ូលិសបីនាក់បានប្រទះឃើញ បុរសខ្មាន់កាំភ្លើងរូបនេះនៅទីតាំងខាងលើ នៅវេលាម៉ោង៩យប់។ បន្ទាប់ពីខ្មាន់កាំភ្លើងត្រូវបានសម្លាប់ ផ្សារ Christmas ក្នុងទីក្រុង Strasbourg នឹងត្រូវបើកដំណើរការ ឡើងវិញនៅថ្ងៃសុក្រនេះ ស្របពេលប្រធានាធិបតីបារាំងលោក ម៉ាក្រុង ក៏បានសម្ដែងមរណៈទុក្ខដល់សាច់ញាតិគ្រួសារជនរងគ្រោះ។

គួរបញ្ជាក់ថា បុរសឈ្មោះ Cherif Chekatt ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ISIS អះអាងថា ជាអ្នកប្រយុទ្ធរបស់ខ្លួនដែលបានដឹកនាំការវាយប្រហារប្រឆាំងនឹងប្រជាជននៃបណ្ដាប្រទេស ដែលបាននិងកំពុងចូលរួមក្នុងប្រតិបត្តិការយោធាដឹកនាំ ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី។

សូមរំលឹកថា ប្រទេសបារាំងនៅតែបន្តការរឹតបន្តឹងលើប្រពន្ធ័សុវត្ថិភាពខ្ពស់ ចាប់តាំងពីប្រទេសនេះ បានជួបប្រទះ ហេតុការណ៏ វាយប្រហារភេរវកម្មជាបន្តបន្ទាប់ ដែលមានក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាអ្នកទទួលខុសត្រូវ ចាប់តាំងពីដើម ឆ្នាំ២០១៥មក៕