ថ្ងៃនេះជាខួប ២៦ឆ្នាំ ដែលរមណីយដ្ឋានអង្គរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
| ព័ត៌មានជាតិ
SHARE



សៀមរាប៖ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ តំបន់រមណីយដ្ឋានបេតិកភណ្ឌអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោកអស់រយ:ពេល ២៦ឆ្នាំហើយ។
ថ្ងៃទី១៤ ខែធ្នូ កាលពី២៦ឆ្នាំមុន គឺជាព្រឹត្តការណ៏ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ ដែលរមណីយដ្ឋានអង្គរ របស់ព្រះ រាជាណាចក្រកម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

អាជ្ញាធរជាតិអប្សារាបានឱ្យដឹងថា ក្នុងរយៈពេល២៦ឆ្នាំមកនេះ អង្គរត្រូវបានសង្គ្រោះឲ្យរួចផុតពីភាពគ្រោះថ្នាក់ផ្សេងៗ ហើយ កិត្តិសព្ទអង្គរក៏បានខ្ចរខ្ចាយទៅកាន់ពិភពលោកគ្រប់ទិសទីទាំងអស់ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌ បច្ចុប្បន្ន អង្គរក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក និងភ្ញៀវទេសចរអន្តរជាតិរាប់លានអ្នកបានចាត់ទុកអង្គរជា គោលដៅទស្សនាក្នុងក្តីស្រមៃរបស់ខ្លួន។

អាជ្ញាធរជាតិអប្សារាបានយកឱកាសនេះ សូមរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែង នូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ ប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវ សម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោក ទាំងមូល។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ សាធារណជន ទាំងអស់បន្តចូលរួមថែរក្សាការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែង តទៅ។

ដើម្បីអបអរសាទរ ខួប២៦ឆ្នាំ ១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០១៨ នៃដាក់បញ្ចូលរមណីយដ្ឋានអង្គរ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរាបានផលិតវីដូខ្លីមួយដែលមានចំណងជើងថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ គឺជាភារ កិច្ច របស់កូនខ្មែរគ្រប់ៗរូប» ៖

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៨ បន្ទាប់ពីដកស្រង់មតិលើចំណាប់អារម្មណ៍ និងទស្សនរបស់អ្នកទេសចរ រាប់លាននាក់ជុំវិញពិភពលោក ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ tripadvisor បានសម្រេចផ្តល់ចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតក្នុងចំណោមទីសំណង់ប្រវត្តិសាស្ត្រ ដល់ល្បីៗក្នុងពិភពលោក ចំនួន ២៥ សម្រាប់ឆ្នាំ២០១៨។

អ្វីដែលគួរជាទីមោទនភាពសម្រាប់ប្រជាជាតិខ្មែរនោះ គឺប្រាសាទអង្គរវត្តកម្ពុជា ត្រូវបាន ភ្ញៀវទេសចរលើពិភពលោកបោះឆ្នោត គាំទ្រ ហើយទទួលបានចំណាត់លេខ១ ៥ឆ្នាំជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា៖


-ឆ្នាំទី១ គឺឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យានិងប្រវត្តិសាស្រ្ត ទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ Archaeo Madness។
-ឆ្នាំទី២ គឺដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិTripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយ តំបន់ទេសចរណ៍ល្បីៗលើពិភពលោក។

-ឆ្នាំទី៣ គឺឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រ ផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។
-ឆ្នាំទី៤ គឺនៅឆ្នាំ២០១៧ គេហទំព័រ TripAdvisor បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ក្នុងឋានៈជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក។
- និងឆ្នាំទី៥ គឺឆ្នាំ២០១៨នេះ Trip Advisor បានសម្រេចផ្តល់ចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ជាសំណង់ ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត ក្នុងចំណោមទីសំណង់ប្រវត្តិសាស្ត្រដល់ល្បីៗក្នុងពិភពលោកចំនួន២៥៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation