មន្ត្រីជំនាញមានសុទិដ្ឋិនិយមថា ការកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ឲ្យកើនដល់ ៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២០ នឹងសម្រេចជោគជ័យ
| ព័ត៌មានជាតិ
SHARE

មន្ត្រីជំនាញក្រសួងពាណិជ្ជកម្មបង្ហាញពីជំនឿថា ការកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឲ្យកើនដល់ ៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២០ នឹងសម្រេចតាមផែន ការ ខណៈដែលភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់ទាក់ទងទៅនឹងកិច្ចការសម្រួលពាណិជ្ជកម្មឆ្លងដែនឲ្យបានឆាប់បំផុត។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោក ង្វៀន​ សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពគ្នាជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកើនដល់ ៥ពាន់លានដុល្លារនៅ ឆ្នាំ ២០២០។

ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា និងវៀតណាម នៅទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះអនុស្សរណៈយោគយល់គ្នា លើការចរចាបញ្ចប់កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរ។

យោងតាមអនុស្សរណៈយោគយល់នេះ មានចំណុចសំខាន់ៗចំនួន ០២ ដែលប្រទេសហត្ថលេខីទាំងពីរ មានកាត្វកិច្ច ចូលរួមអនុវត្តន៍ គឺ៖ ចំណុចទី១ ភាគីទាំងពីរនឹងគោរពតាមច្បាប់ និងបទបញ្ញតិ្តនៃប្រទេសរៀងៗខ្លួន ទាក់ទងបញ្ហាកាន់សាច់ប្រាក់ឆ្លងកាត់ព្រំដែន ហើយចំណុចទី២ ភាគីទាំងពីរត្រូវបន្តពិភាក្សា និងដោះស្រាយបញ្ហាសេសសល់ ដែលមិនទាន់បានឯកភាពគ្នា ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ឱ្យបានឆាប់បំផុត។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តាមរយៈអនុស្សរណៈយោគ យល់គ្នានេះ នឹងរួមចំណែកដល់កិច្ចសហប្រតិបត្តិការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ពីរ ហើយគួបផ្សំជាមួយការខិតខំអនុវត្តន៍នូវអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកថែមទៀត នោះវានឹងអាចសម្រេចផែនការ ៥ពាន់លានដុល្លារជាក់ជាពុំខានឡើយ។

ឯកឧត្តមបញ្ជាក់ថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកំពុងបង្កើនការទាក់ទាញវិនិយោគិនបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ក៏ដូចជាកសិ-ឧស្សាហកម្ម ដើម្បីធ្វើពិពិធកម្មនាំចេញ ហើយវា​ក៏ នឹងបង្កើនតម្លៃនាំចេញបន្ថែមដែរ ខណៈបច្ចុប្បន្នភាគច្រើនការនាំចេញកសិផលរបស់កម្ពុជា ជាផលិតផលមិនទាន់កែច្នៃ។

កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការចៀសវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

កម្ពុជា-វៀតណាម ធ្លាប់បានកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ៥ពាន់ លានដុល្លារ នៅត្រឹមឆ្នាំ ២០១៥ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានត្រឹមតែ ៣,៨ពាន់លានដុល្លារប៉ុណ្ណោះ។

មុខទំនិញសំខាន់ៗរបស់វៀតណាម នាំចូលមកកម្ពុជា កាលពីឆ្នាំ២០១៧ មានដូចជា ដែកថែប និងដែកដែល តម្លៃ ៥២១លានដុល្លារ ប្រេងឥន្ធនៈតម្លៃ ៣៧៥លានដុល្លារ និងជីកសិកម្ម សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងផលិតផលប្លាស្ទិក។ រីឯមុខទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅវៀតណាម ភាគច្រើន ជាផលិតផលធ្វើពីឈើ ដែលមានតម្លៃ ២១៤ លានដុល្លារ ស្វាយចន្ទី តម្លៃ ១៦៨លានដុល្លារ និងកៅស៊ូ តម្លៃ ១៣៨លានដុល្លារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation