លោក ត្រាំ នឹងអន្តរាគមន៍ទៅលើករណី ចាប់ខ្លួនមហាសេដ្ឋីនីHuawei
| ព័ត៌មានអន្តរជាតិ
SHARE

យោងតាមសារព័ត៌មានអង់គ្លេសរ៉យទ័រ បានចុះទៅសំភាសន៍ផ្ទាល់ ជាមួយលោកត្រាំ នៅឯសេតវិមាន កាលពីដើមសប្តាហ៍នេះថា លោកត្រាំ នឹងអន្តរាគមន៍ ទៅកាន់ក្រសួងយុត្តិធម៌អាមេរិក ក្នុងករណីចោទប្រកាន់ប្រឆាំង ទៅលើថៅកែស្រីHuawei ប្រសីនបើកិច្ចការនោះ អាចធានាដល់ទំនាក់ទំនង់ពាណិជ្ជកម្ម ជាមួយក្រុងប៉េកាំង។

លោកត្រាំថ្លែងដូច្នេះថា "ខ្ញុំគិតថារឿងនេះ ល្អសំរាប់ប្រទេសអាមេរិកកាំង វាមានលក្ខណៈសំខាន់ ហើយនឹងល្អសំរាប់សន្តិសុខជាតិផង ពិតហើយថា ខ្ញុំនឹងធ្វើអន្តរាគមន៍ ចំពោះរឿងនេះ ប្រសីនបើខ្ញុំគិតថាវាចាំបាច់"។

លោកត្រាំ សំដែងសុទ្ឋិនិយមថា លោកអាចនឹងធ្វើការចចាពាណិជ្ជកម្ម ជាមួយសមភាគីហ្សីជីនពីង ដើម្បីដោះស្រាយទំនាស់ពាណិជ្ជកម្មដែលថ្មីៗនេះ បណ្តាលឲ្យទីផ្សារហ៊ុនអាមេរិកធ្លាក់ចុះ។

យោងតាមសំណូមពរ របស់រដ្ឋការអាមេរិកកាំង លោកស្រីMeng ត្រូវបានចាប់ខ្លួន ដោយចោទថា រំលោភលើទណ្ឌកម្មអាមេរិកប្រឆាំង និងអ៊ីរ៉ង់។ ការចាប់ខ្លួនធ្វើឡើងក្នុងថ្ងៃតែមួយដែលលោកត្រាំ និងលោកហ្សី ជីនពីង ប្រកាសថេរៈវេលា៩០ថ្ងៃ សំរាប់ដោះស្រាយសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំង២ នៅក្នុងកិច្ចប្រជុំមួយ នៅឯប្រទេសប្រេស៊ីល។

លោកត្រាំ បានសាទរចំពោះប្រទេសចិន ដែលកំពុងទិញសណ្តែកសៀង ពីអាមេរិកក្នុងបរិមាណច្រើនសន្ឋឹកសន្ឋាប់។ លោកថ្លែងបន្តថា"ថ្ងៃនេះខ្ញុំបានលឺថាពួកគេ(ចិន) កំពុងទិញសណ្តែកសៀងយើងច្រើនសន្ឋឹកសន្ឋាប់ ពេលនេះពួកគេកំពុងចាប់ផ្តើមដោយពិតប្រាកដ"។

សូមជំរាបថា ប្រទេសចិន បាននាំចូលសណ្តែកសៀង ឬទិញពីអាមេរិកក្នុងចំនួន៦០% ក្នុងចំណោមសណ្តែកសៀងសរុប ដែលខ្លួនប្រើប្រាស់មានតម្លៃ ១២ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លោកត្រាំ ធ្លាប់ធ្វើអន្តរាគមន៍ ដើម្បីជួយដល់ក្រុមហ៊ុនចិន កាលពីពេលកន្លងមកដែរ។ កាលពីដើមឆ្នាំនេះ លោកបានទៅទស្សនាឡើងវិញ នៅក្រុមហ៊ុនZTE ដែលបានកហក់អាមេរិក ហើយត្រូវបានអាមេរិក ដាក់ទណ្ឌកម្មដោយសារក្រុមហ៊ុននេះ រកស៊ីជាមួយអ៊ីរ៉ង់។

លោកត្រាំ ថ្លែងថា លោកស្រីMeng ប្រធានក្រុមហ៊ុន Huawei មានសក្តានុពលដែលអាចនឹងត្រូវដោះលែង។ លោកបញ្ជាក់ថា "មែនហើយភាពចាំបាច់នានា និងភាពខុសគ្នាជាច្រើនអាចកើតមានឡើង ហើយក៏មានលទ្ឋភាពមួយក្នុងការចចារ ប៉ុន្តែយើងនឹងនិយាយជាមួយក្រសួងយុត្តិធម៌ ហើយមនុស្សជាច្រើនឹងដឹងរឿងនេះ"។

លោកត្រាំ ដែលចង់ឲ្យប្រទេសចិន បើកទីផ្សារទូលាយសំរាប់ផលិតផលអាមេរិកនោះ ប៉ុន្តែតែងតែហៅចិនថា ជាចោរលួចកម្មសិទ្ឋបញ្ញានោះ។ ពេលនេះ លោកបញ្ឈប់ការហៅចិនថា ជាចោរទៀតហើយ។ យ៉ាងណាក៏ដោយ លោកនៅមិនទាន់ និយាយជាមួយលោក ហ្សី ជីនពិង ពីការចាប់ខ្លួននេះនៅឡើយទេ៕
ដោយ៖ ខៀវ កូឡា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation