កាណាដាប្រកាសថា ចិនប្រហែលជាបានចាប់ខ្លួនជនជាតិកាណាដាម្នាក់ទៀត
| ព័ត៌មានជាតិ
SHARE

កាណាដា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បានលើកឡើងថា វាអាចទៅរួច ដែរថា មានពលរដ្ឋ កាណាដាទីពីរត្រូវបានគេចាប់ខ្លួនម្នាក់ទៀត ក្រោយតែប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរក្រុងប៉េកាំងបានឃាត់ខ្លួន អតីតអ្នកការទូត កាណាដាម្នាក់ ស្របពេដែលទំនាក់ទំនងការទូតកាណាដា-ចិន ដែលហាក់ដូចជាកំពុងឡើងកម្តៅខ្លាំង។

លោកស្រី Chrystia បាននិយាយថា បុរសរូបនោះ "បានទាក់ទង" ជាមួយមន្រ្តីកាណាដាបន្ទាប់ពីត្រូវបានអាជ្ញាធរចិនចោទសួរ។ លោកស្រីបាននិយាយថា រដ្ឋាភិបាលកាណាដាមិនអាចទំនាក់ទំនងជាមួយគាត់ចាប់តាំងពីពេលនោះមក ហើយបច្ចុប្បន្ន រដ្ឋាភិបាលកាណាដាកំពុងព្យាយាមអោយអស់ពីលទ្ធភាពដើម្បីកំណត់ទីតាំងរបស់ពលរដ្ឋកាណាដារូបនោះ។លោកស្រីរដ្ឋមន្ត្រី ការបរទេសកាណាដា ក៏បាននិយាយផងដែរថា រដ្ឋាភិបាលក្រុងអូតាវ៉ាបានទាក់ទងជាមួយមន្រ្តីចិន ហើយក៏បានទំនាក់ទំនង ជាមួយគ្រួសាររបស់បុរសរូបនោះដែរ។ ទោះជាយ៉ាងណាក៏ដោយលោកស្រី Chrystia បានបដិសេធមិនបង្ហាញពីអត្តសញ្ញាណ ឬ តួនាទីមុខងាររបស់ពលរដ្ឋកាណាដារូបនោះនៅក្នុងប្រទេសចិនឡើយ។

សូមជំរាបថា កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានឃុំឃាំងអតីតអ្នកការទូតកាណាដាគឺលោក Michael Kovrig តែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងប៉េកាំងបានព្រមានទីក្រុងអូតាវ៉ាអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះការចាប់ខ្លួនលោកម៉េង វ៉ាន់ចូវ ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Huawei របស់ប្រទេសចិននោះតាមសំណើររបស់អាមេរិកនោះ។

ជុំវិញបញ្ហានេះ អ្នកតាមដានព្រឹត្តការណអន្តរជាតិអះអាងថា ការចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ ដោយអាជ្ញាធរកាណាដា តបតាម សំណើរបស់សហរដ្ឋអាមេរិកគឺជារឿងដ៏គ្រោះថ្នាក់បំផុតដែលកំពុងបង្កឲ្យចិន កាណាដា អាមេរិក កំពុងមានភាពតានតឹងផ្នែកការទូតរវាងគ្នា។

គួរជម្រាបថា លោកស្រី ម៉េង វ៉ានចូវ អាយុ ៤៦ឆ្នាំ នាយកហិរញ្ញវត្ថុក្រុមហ៊ុននិងជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួន កាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ តបតាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទលោកស្រីថាបានប្រើប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Huawei ឈ្មោះ Skycom រកស៊ីជាមួយអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មអាមេរិក កាលពីចន្លោះឆ្នាំ២០០៩ និង២០១៤។ការចាប់ខ្លួនលោកស្រីម៉េង វ៉ានចូវ បានបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំងរហូតដល់ព្រមាន កាណាដាពីផលវិបាកធ្ងន់ធ្ងរបើមិនព្រមដោះលែងលោកស្រីទេនោះ។ ប៉ុន្តែក្រោយមានការព្រមាននេះ តុលាការកាណាដាបានអនុញ្ញាតឱ្យលោកស្រីម៉េង ស្ថិតនៅក្រៅឃុំជាមួយប្រាក់តម្កល់ ៧.៤លានដុល្លារ ហើយលោកស្រីមិនអាចចាកចេញ ពីប្រទេសកាណាដាឡើយ និងត្រូវដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ២៤ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងត្រូវពាក់ឧបករណ៍តាមដាផងដែរ ហើយនៅថ្ងៃដែលតុលាការកាណាដាដោះលែងលោកស្រីម៉េងនោះ គឺអាជ្ញាធរក្រុងក៏បានចាប់ខ្លួនអតីតអ្នកទូតកាណាដាម្នាក់ក្នុង ថ្ងៃតែមួយនោះដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation