ស.ស.យ.ក ខេត្តស្វាយរៀងរៀបចំពិធីក្រុងបាលីសុំជោគជ័យសម្រាប់ពិព័រណ៌យន្តហោះនិងបច្ចេកវិទ្យាជាលើកដំបូងនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានរៀបពិធីក្រុងបាលីសុំ ជោគជ័យ សម្រាប់ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅមូលដ្ឋានទ័ពអាកាស ទីក្រុងភ្នំពេញ នៅថ្ងៃទី ១៤-១៥-១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងបានបញ្ជាក់ថា ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា "AIR & TECH SHOW 2018" នេះ ជាពិព័រណ៍លើកដំបូងនៅកម្ពុជានឹងដែលនឹងធ្វើឡើងជាប់គ្នារយៈពេល ៣ថ្ងៃ ហើយដែលនេះគឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានរៀបចំឡើងដោយ ក្រុមយុវជនកម្ពុជាដែលស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំង នូវជំនាញ និងមុខវិជ្ជាអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម ដែលពួកគេជា ក្រុមយុវជននៃសហភាព សហព័ន្ធយុវជន កម្ពុជា ខេត្តស្វាយរៀង។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានបញ្ជាក់ថា ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យានេះជាការរៀបចំលើកទី១ ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាដោយសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តស្វាយរៀង ឱ្យមានពិព័រណ៍យន្តហោះនិងបច្ចេក វិទ្យា ឆ្នាំ២០១៨ នេះឡើង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពី កងទ័ពជើងអាកាស និង ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រសហការរៀបចំពីក្រុមហ៊ុន Helistar (Cambodia) និងអង្គការសែ្ទមកម្ពុជា រួមនឹងប្រពន្ធ័ផ្សព្វផ្សាយចំនួន ៣ធំៗ គឺប៉ុស្តិ៍ព័ត៌មានកម្ពុជាCNC, BTV និងកម្ពុជាថ្មី។ លោកឈី កុលបុត្រា បន្តថា ពិព័រនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ យុវជន សិស្សនិស្សិត កម្ពុជាទាំងអស់ និងសាធារណៈជន បានឃើញ និងចូលទស្សនាដោយសេរីតាមរយៈការដាក់បង្ហាញ យន្តហោះឯកជន (Private Jets) និងឧទ្ធម្ភាគចក្រ (Helicopters) ជាដើម ទាំងផ្នែកខាងក្រៅ និងក្នុងនៃយន្តហោះ ព្រមទាំង ការតាំងបង្ហាញនូវស្នាដៃទេពកោសល្យកូនខែ្មរយើង ដែលបានផលិត ឧបករណ៍អេឡិចត្រូនិច គ្រឿងយន្ត បច្ចេកវិទ្យា និងការសរសេរកូដផ្សេងៗជាដើម។

សូមជំរាបថា នេះគឺជាឱកាសដ៏វិសេសមួយដែលប្រមូលផ្តុំនូវធនធានមនុស្ស យុវជនសិស្សនិសិ្សតកម្ពុជា មកពីវិទ្យាល័យ សកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដែលមានជំនាញផ្នែក បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម វិទ្យាសាស្រ្ត និងព្រមទាំង ស្រឡាញ់ចូលចិត្តចំណេះដឹងយន្តហោះ និងអាកាសចរ និងលើសពីនេះយុវជន សិស្សនិសិ្សត និងអ្នកចូលរួមទាំងអស់ អាចសួរជាសំណួរចម្លើយ ទៅកាន់អ្នកបើកយន្តហោះដែលនៅទីនោះផ្ទាល់ ឯកទេស និងយុវជន សិស្សនិស្សិតនានា ដែលចូលរួមតាំងពិព័រណ័បង្ហាញអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។ល។ អ្វីដែលពិសេស ក្នុងពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ជាដំបូងនេះ គឺមានការប្រកួតធ្វើនិងបង្ហោះយន្តហោះកៅស៊ូ ដែលមាន គោលដៅទាក់ទាញចំណាប់អារម្មណ៍ និងបណ្តុះគំនិតទៅដល់យុវជន សិស្សនិស្សិតកម្ពុជាទាំងអស់ដែលចូលរួមទស្សនា និងដាក់ពាក្យ ចូលរួមប្រកួតធ្វើយន្តហោះកៅស៊ូនេះ ក្រុមទាំងអស់ដែលបានដាក់ពាក្យចូលរួមប្រកួតទាំងអស់មាន ១៤ក្រុម ដោយក្នុងមួយ ក្រុមមានសមាជិក២នាក់ ហើយក្រុមទាំង១៤ ជាសិស្សនិសិ្សតមកពីវិទ្យាល័យ និងសកលវិទ្យាល័យមួយចំនួន ដូចជា វិទ្យាល័យព្រះស៊ីសុវត្តិជំនាន់ថ្មី,សកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា ជាដើម។

សូមបញ្ជាក់ថា កំឡុងពេលពិព័រណ៍នេះផងដែរ គឺមានសាលសិក្ខាសាលាដែលបង្កើតឱកាសបន្ថែម ទៅដល់អ្នកចូលរួមមក ទស្សនាចូលស្តាប់ សួរនិងឆ្លើយ ផ្លាស់ប្តូរបទពិសោធន៍រវាងវាគ្មិន សាស្ត្រាចារ្យ អ្នកជំនាញ រៀមច្បង និងសិស្សនិស្សិតរវាងគ្នា។ ហើយក៏មានស្តង់លក់ម្ហូប និងភេសជ្ជៈសម្រាប់អ្នកចូលរួមទស្សនាទទួលទាន និងសម្រាកកម្សាន្តផងដែរ។ ហើយនេះជាឱកាស ដ៏ពិសេសបំផុត សម្រាប់យុវជនសិស្សនិស្សិតកម្ពុជាទាំងអស់គួរតែចូលរួមឱ្យបាន ទាំងអស់គ្នាដើម្បី ទទួលបានបទពិសោធន៍ និងចំណេះដឹងអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងវិស័យនេះ និងឱ្យវិស័យយន្តហោះ និងបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation