ហ្វូងស្វាទំនើងរាប់ពាន់ក្បាលអុកឡុកអគាររដ្ឋាភិបាលក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌា៖ ហ្វូងសត្វស្វាធំៗជាច្រើនក្បាល បាននាំគ្នាតោងឡើង និងលោតផ្លោះនៅលើដំបូងវិមានរដ្ឋាភិបាល ក៏ដូចជាអគារផ្សេងៗ រួមទាំងវិមានប្រធានាធិបតីជាដើមនោះ។
សត្វស្វា ប្រភេទ Rhesus Macaque ប្រហែល៤ពាន់ ទៅ៥ពាន់ក្បាល ត្រូវបានគេប៉ាន់ស្មានថា បាននឹងកំពុងរស់នៅជុំវិញ និងនៅក្នុងបរិវេណអគាររដ្ឋាភិបាលឥណ្ឌា នៅក្រុង New Delhi ដោយពួកវាដើរលួចចំណីអាហារ,បំផ្លិចបំផ្លាញខ្សែភ្លើង ហើយបានចូលតាមបង្អួចការិយាល័យ លួចយកឯកសារជាច្រើនមកហែកកំទេចចោលយ៉ាងអាណាធិបតេយ្យ។

ពាក្យបណ្តឹងពីសំណាក់មន្ត្រីការិយាល័យ ក៏ដូចជាពីបណ្តារដ្ឋមន្ត្រីជាច្រើនក្រសួង អំពីការរំខានរបស់ហ្វូងសត្វស្វាទាំងនេះ បានកើនឡើងជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណេះទេ រដ្ឋសភាឥណ្ឌាក៏បានលើកឡើងពីបញ្ហានេះ ហើយបានប្រាប់អោយ ពលរដ្ឋគួរនៅឱ្យឆ្ងាយនិងជៀសវាងការធ្វើដំណើរឆ្លងកាត់ ក្បែរទីតាំងដែលហ្វូងស្វាញីមើលថែទាំកូនតូចៗរបស់ពួកវា។

ថ្មីៗនេះ អាជ្ញាធរឥណ្ឌា បានជួលក្រុមអ្នកបង្ហាត់សត្វស្វាមកពីកុលសម្ព័ន្ធប្រពៃណីKalandar ចំនួន៤០នាក់ ដែលពួកគេទាំងនោះ មានជំនាញចាប់សត្វស្វា មកបង្ហាត់ និងឱ្យសត្វស្វាសម្តែងនៅតាមដងផ្លូវដើម្បីចិញ្ជឹមជីវិត មកបណ្តេញហ្វូងស្វាទាំងនោះ។ លោកហ្គូលខាន់ ម្នាក់ក្នុងចំណោមអ្នកទាំង៤០នាក់នោះ បាននិយាយថា ការប្រើល្បិចដោយធ្វើត្រាប់តាមសត្វព្រៃ ដែលជាសត្វ ដែលធ្វើអោយស្វាភ័យខ្លាចនោះ គ្រាន់តែដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះសត្វស្វាទាំងនោះនឹងនៅតែវិលត្រឡប់ កន្លែងដើមរបស់ពួកវាវិញដដែល។

ការផ្តល់ផ្លែចេក ជាចំណីទៅអោយសត្វស្វា គឺជាទិដ្ឋភាពទូទៅមួយដែលកើតឡើងនៅទូទាំងប្រទេសឥណ្ឌា ព្រោះតែប្រជាជន ឥណ្ឌាភាគច្រើនដែលកាន់សាសនាហិណ្ឌូបានចាត់ទុកថា សត្វស្វាជាសត្វដ៏ពិសិដ្ឋ តំណាងអោយស្តេចហនុមានដែលជាបុព្វបុរស នៃដើមកំណើតមនុស្ស។ ជុំវិញបញ្ហានេះ លោកKartik Satyanarayan ជាសកម្មជនសិទ្ធិសត្វនិងជាសហស្ថាបនិកនៃអង្គការ Wildlife SOS បាននិយាយថា «ខ្ញុំគិតថាបញ្ហានេះអាចត្រូវបានដោះស្រាយ នៅពេលដែលប្រជាពលរដ្ឋយល់ដឹងពីបញ្ហាដែល បង្ករឡើងដោយ សត្វស្វា ហើយបញ្ឈប់ការផ្តល់ចំណីអោយសត្វស្វាទាំងនោះ»។

ស្របពេលដែលគ្មានដំណោះស្រាយប្រសិទ្ធភាពណាមួយដើម្បីទប់ស្កាត់ការគំរាមកំហែងពីហ្វូងសត្វស្វាទាំងនោះ បុគ្គលិកដែល ធ្វើការក្នុងអគាររដ្ឋាភិបាល បាននិយាយថា ជាញឹកញាប់ពួកគេ ត្រូវដើរចូលការិយាល័យ ដោយកាន់ដំបងនិងដុំថ្ម ដើម្បីការពារការវាយប្រហារពីសត្វស្វា។
មិនមានទិន្នន័យជាផ្លូវការអំពីចំនួនសត្វស្វា ដែលរស់នៅក្នុងទីក្រុង New Delhi នោះទេ ប៉ុន្តែបើតាមការប៉ាន់ស្មាន ហ្វូងសត្វស្វា ទាំងនោះ អាចមានចំនួនពី៤សែន ទៅ ៥សែនក្បាល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation