វិធីសង្គ្រោះបន្ទាន់ សំខាន់ៗចំនួន៤យ៉ាង នៅពេលលង់ទឹក​​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ការលង់ ឬការជិតស្លាប់ ដោយសារលង់ទឹក ច្រើនតែជាបញ្ហា ដែលគេហៅឲ្យអ្នកធ្វើការថែទាំវេជ្ជសាស្រ្ត សង្គ្រោះបន្ទាន់ មុននឹងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួត ក្នុងបរិមាណច្រើនណាស់ ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះ នឹងបិទដង្ហើមពីមាត់ និងច្រមុះ។

បើតាមប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុក របស់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យថ្នាក់ជាតិមួយរបស់កម្ពុជា បានចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយបង្ហាញនូវវិធីសង្គ្រោះបន្ទាន់ សំខាន់ៗចំនួន៤យ៉ាង នៅពេលមានអ្នកលង់ទឹក ៖

ទី.១) អាទិភាពដំបូងបំផុត នៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះ គួរពិចារណាពីលទ្ធភាព នៃការកើតមានរបួស នៅឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់ នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។

ទី.២) ដើម្បីជៀសវាង ការមានបញ្ហាធ្ងន់ធ្ងរ ពីការខ្វះអុកស៊ីសែន ដោយយើងត្រូវនាំជនរងគ្រោះ ឲ្យបានលឿនមកលើផ្ទៃទឹក។ ទោះបីជាអ្នកលង់ទឹក មិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិត និងកុំផ្តាច់ខ្យល់សិប្បនិម្មិត រហូតដល់អ្នកលង់ទឹក ត្រូវបានអ្នកជួយសង្គ្រោះយកមកដល់ច្រាំង។

ទី.៣) នៅលើដីគោកស្ងួត អាចរមៀលអ្នកលង់ទឹក ទៅខាងឆ្វេង ដោយធ្វើយ៉ាងណា កុំឲ្យឆ្អឹងខ្នងមានចលនា​ ​ដើម្បីឲ្យទឹកកំអួត ចេញពីផ្លូវដង្ហើមខាងលើ។ ប្រសិនបើមានគួរតែបឺតសំអាតផ្លូវដង្ហើម ឲ្យបានឆាប់រហ័ស និងចាប់ផ្តើមធ្វើការបញ្ចូល ខ្យល់សិប្បនិម្មិតឡើងវិញ រហូតដល់ដង្ហើមរបស់អ្នកលង់ទឹក ដំណើរការជាធម្មតាឡើងវិញ។

ចំណុចទី.៤) ប្រសិនបើជនរងគ្រោះគ្មានជីពចរទេ ការធ្វើចលនាបេះដូង និងសួតត្រូវចាប់ផ្តើមភ្លាមៗ។ ការធ្វើចលនាបេះដូង និងសួតក្នុងពេលពីរបីនាទីដំបូង ក្រោយពីការគាំងបេះដូង គឺជាការព្យាករណ៏មួយសំខាន់ នៃការរស់រានមានជីវិត របស់អ្នកលង់ទឹក។ ប្រសិនបើការប៉ោងក្រពះ ប៉ះពាល់ដល់ការបញ្ចូលខ្យល់សិប្បនិម្មិត អ្នកសង្គ្រោះគួរតែដាក់ជនរងគ្រោះ ឲ្យដេកផ្អៀងទៅខាងឆ្វេង។ គួរបន្តចាត់វិធានការ ជួយសង្គ្រោះនៅពេលដែលអ្នកលង់ទឹក ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ដែលពួកគេអាចទទួលបានការជួយសង្គ្រោះជីវិត បែបទំនើបពេញលេញ៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation