ព័ត៌មានអន្តរជាតិ

សហរដ្ឋអាម៉េរិក និងហ្វីលីពីនបានប្រារព្ធពិធីបើកធ្វើសហសមយុទ្ធយោធាជើងទឹករួមគ្នាប្រចំាឆ្នំា

image


ហ្វីលីពីន៖ មន្ត្រីកងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាម៉េរិក បានប្រារព្ធពិធីមួយនៅក្នុងរដ្ឋធានីម៉ានីល កាលពីថ្ងៃចន្ទ ដើម្បីបញ្ជាក់ពីការបើកសហសមយុទ្ធតាមដែនសមុទ្រប្រចាំឆ្នាំរួមគ្នាជាផ្លូវការក្នុងរយៈពេលពីរសប្តាហ៍របស់ពួកគេ (អាម៉េរិក-ហ្វីលីពីន) ។
កងទ័ពជើងទឹកហ្វីលីពីនស្ថិតនៅឯទីបញ្ជាការដ្ឋាន Caesar Valencia បានថ្លែងថា កម្មពិធីបើកសមយុទ្ធជាផ្លូវការនេះ មានឈ្មោះថា កាម៉ាដាំង (KAMADAG) ហើយលើកនេះគឺជាសមយុទ្ធលើកទីប្រាំមួយ ស្ថិតក្នុងចំណោមសមយុទ្ធរួមគ្នាដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
យោងទៅតាមការបញ្ជាក់ពីកងទ័ពជើងទឹកហ្វីលីពីន បានឱ្យដឹងថា កងទ័ពជើងទឹកហ្វីលីពីនមានវត្តមានប្រមាណជា ៥៣០នាក់ និងទាហានម៉ារីនអាម៉េរិកមានវត្តមានចំនួន ២,៥៥០នាក់ ដែលរំពឹងថានឹងចូលរួមក្នុងសមយុទ្ធផ្សេងៗគ្នាជាបន្តបន្ទាប់ ក្នុងនោះរួមមានជំនួយមនុស្សធម៌ សមយុទ្ធបាញ់គ្រាប់ពិត និងប្រតិបត្តិការចុះចតលើទឹកនៅតាមទីតាំងផ្សេងៗគ្នា ក្នុងប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែតុលា ។ បន្ថែមលើសពីនេះទៀត ក្រុមមន្ត្រីក៏បានបន្ថែមថា កងកម្លាំងស្វ័យការពារដីគោករបស់ជប៉ុន និងកងទ័ពជើងទឹកកូរ៉េខាងត្បូង ក៏នឹងចូលរួមជាអ្នកសង្កេតការណ៍ក្នុងសហភាតាសមយុទ្ធយោធារវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាម៉េរិកនេះដែរ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect