ឱកាសពិសេសនៃពិធីបុណ្យសមុទ្រក្នុងខេត្តកោះកុង ប្រើតែអត្តសញ្ញាណប័ណ្ណ ពលរដ្ឋខ្មែរអាចឆ្លងទៅលេងខេត្តត្រាត ប្រទេសថៃបាន
| ព័ត៌មានជាតិ
SHARE

កោះកុង៖ ក្រសួងទេសចរណ៏បានប្រកាសថា ប្រជាពលរដ្ឋខ្មែរដែលទៅលេងបុណ្យសមុទ្រក្នុងរយៈពេល៣ថ្ងៃ ក៏អាចឆ្លងទៅលេង ដល់ខេត្តត្រាតប្រទេសថៃបានដែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណទៅជាមួយ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណ សម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មាន លិខិតឆ្លងដែនក៏បាន (តែបើមានលិខិតឆ្លងដែន Passport ក៏គួរយកតាមផង កាន់តែងាយស្រួល)។


ក្រសួងទេសចរណ៏បានបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែធ្នូខាងមុខ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ពោលគឺនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យនេះនឹងឈាន ចូលមកដល់ហើយ។ ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១៥ ធ្នូ ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្រោយកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទាំងសងខាង ក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាតរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រខាងមុខ។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទៅទស្សនាពិធីបុណ្យសមុទ្រហើយមានបំណងចង់ទៅ លេងកម្សាន្តនៅ ខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេទៅជាមួយផង ដើម្បីបញ្ជាក់ជូន សមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ជាមួយគ្នានោះដែរថា សម្រាប់ប្រជាពលរដ្ឋដែលមិនចង់ បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹងមានរថយន្តពី ខាងថៃមកទទួលទៀតផង។ ក្រៅពីនេះ បើបងប្អូនចង់ទៅស្នាក់ផ្ទះសំណាក់ ឬសណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាតក៏បានដែរ ដែលមានតម្លៃសមរម្យ។ ខេត្តបានរៀបចំបញ្ជរពត៌មាននៅ៣ទីតាំងគឺនៅ៖
១.រង្វង់គល់ស្ពានកោះកុង ២.នៅវត្តចាំយាម ៣.នៅច្រកទ្វាអន្តរជាតិចាំយាម ។ (លេខទូរស័ព្ទទំនាក់ទំនងកក់បន្ទប់ និងទំនាក់ទំនងព័ត៌មាន ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងកម្សាន្ត៖016-444-938/016-444-937)
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលខេត្ត បានបន្តថា ចំពោះផ្លូវជាតិលេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិល ឆ្ពោះទៅខេត្តកោះកុង ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ របស់កងវិស្វកម្ម បានសម្រេចការជួសជុលរួចរាល់ ១០០% ហើយ។
ជាមួយនឹងការរំពឹងទុកថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរប្រហែល យ៉ាងតិច៩ម៉ឺននាក់នោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកជំទាវ មិថុនា ភូថង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមចូលរួមទស្សនាពិធីបុណ្យ សមុទ្រនៅខេត្តកោះកុងនេះឱ្យបានច្រើនកុះករ។
ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុងក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋាន ទេសចរណ៍មួយចំនួន ទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រផងដែរដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូ ទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation