ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុននៅព្រឹកថ្ងៃអង្គារនេះ បង្កឱ្យជប៉ុនផ្អាកការធ្វើដំណើរតាមរថភ្លើង នៅមុនពេលមីស៊ីលនោះធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

image


កូរ៉េខាងជើង៖ ដោយយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលា នេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរំលងទ្វីបមួយគ្រាប់ឆ្លងលើប្រទេសជប៉ុន ដែលជាពេលលើកទីដំបូងនៅក្នុងរយៈពេល៥ឆ្នំា ។ ការបាញ់មីស៊ីលនេះសោតទៀតបានបង្កជាការព្រមានដល់ដំណើរប្រតិបត្តិការរថភ្លើងនៅតំបន់ភាគឧត្តរប្រទេសជប៉ុនរហូតឈានដល់ការផ្អាកនៃដំណើរគោចររបស់រថភ្លើងទៀតផងនៅព្រឹកថ្ងៃនេះ។
រដ្ឋាភិបាលប្រទេសជប៉ុនបានព្រមានដល់ពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលគ្រាប់មីស៊ីលរត់រំលងពីលើដែនដីរបស់ខ្លួននៅមុនពេលវាបន្តធ្លាក់ចូលទៅក្នុងមហាសាគរប៉ាស៊ីហ្វិក។
ទោះបីជាមានការព្រមានឱ្យមានការប្រយ័ត្នប្រយែងសម្រាប់ពលរដ្ឋជប៉ុនក្តី ក៏រដ្ឋាភិបាលជប៉ុនមិនបាននិយាយអំពីការប្រើប្រាស់ប្រពន្ធ័ការពារដែនអាកាសណាមួយរបស់ខ្លួនដើម្បីកំទេចមីស៊ីលនោះក៏ទេដែរ។
តាមបណ្តាញផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងឯណេះបានរាយការណ៍ឱ្យដឹងដែរថា មីស៊ីលរំលងទ្វីបនេះវារត់បានចម្ងាយរហូតដល់ទៅ៤,៦០០គីឡូម៉ែត្រ។
ក្រុមអ្នកវិភាគរឿងកូរ៉េខាងជើងបានបង្ហើបដែរថា នេះជាការសាកល្បងនូវមីស៊ីលថ្មីបន្តទៀត ជាការបង្ហាញឱ្យឃើញថា កូរ៉េខាងជើងអាចនឹងសម្រេចនូវជោគជ័យរបស់ខ្លួនលើកម្មវិធីរីកសាយអាវុធប្រល័យរបស់ខ្លួន ដោយសារតែមួយរយៈចុងក្រោយនេះកូរ៉េខាងជើងហាក់បានបង្ហាញជាច្រើនឈុតលើកម្លំាងសាច់ដុំរបស់ខ្លួន ដែលពេលខ្លះបានធ្វើឱ្យប្រទេសក្បែរខាងនៅក្នុងតំបន់ឧបទ្វីបកូរ៉េជាមួយនឹង ប្រហោងពោះ (តត្កមា) ម្តងម្កាលដែរ៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters