ព័ត៌មានអន្តរជាតិ

បណ្តេញលោកស្នងការនគរបាលក្រុងម៉ាឡំាង បន្ទាប់ពីរកឃើញកុមារស្លាប់ដល់ទៅ៣២នាក់បន្ថែមទៀតនៅក្នុងហេតុការណ៍ផ្អើលរត់ជាន់ជើងគ្នានៅពហុកីឡដ្ឋានមួយនៅឥណ្ឌូណេស៊ី

image

ឥណ្ឌូណេស៊ី៖ រឿងរ៉ាវប្រកបដោយសោកនាដកម្មនៅឯពហុកីឡដ្ឋានជាតិឥណ្ឌូណេស៊ីនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ ។ កាលពីរសៀលថ្ងៃចន្ទ គេរកឃើញកុមារស្លាប់រហូតដល់ទៅ៣២នាក់នៅក្នុងហេតុការណ៍ផ្អើលរត់ជាន់ជើងគ្នានៅក្នុងពហុកីឡដ្ឋានបាត់ទាត់នោះ។

ក្រុមមន្ត្រីនានារបស់ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ឱ្យដឹងបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះថា អាជ្ញាធរកងនគរបាលជាតិកំពុងតែចាត់ការដាក់ទោសទណ្ឌទៅលើបុគ្គលដែលទទួលខុសត្រូវបង្កឱ្យមានវិនាសកម្មជីវិតមនុស្ស ដែលគេចាត់ទុកថា ជារឿងព្រឹត្តិការណ៍ដ៏សោកសៅបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ជាតិឥណ្ឌូណេស៊ី។

ដោយសារតែកំហឹងមហាជនទៅលើកងនគរបាលក្រុងម៉ាឡំាង នោះ លោកស្នងការក្រុងត្រូវបានគេបណ្តេញចេញពីតំណែងយ៉ាងតក់ក្រហល់ ខណៈដែលអគ្គស្នងការនគរបាល និងរដ្ឋមន្រ្តីសន្តិសុខជាតិឥណ្ឌូណេស៊ីបានបង្កើតនូវក្រុមការងារចំពោះកិច្ចមួយ ក្នុងគោលដៅដើម្បីបើកការស៊ើបអង្កេតឱ្យបានពេញលេញរកឱ្យឃើញសមុដ្ឋាននៃបញ្ហា និងរកអ្នកទទួលខុសត្រូវយកមកដាក់ទោសទណ្ឌផងដែរ។

រហូតមកទល់នឹងព្រឹកថ្ងៃអង្គារនេះ ពុំទាន់មានរបាយការណ៍ណាមួយនិយាយជាក់លាក់អំពីមូលហេតុពិតនៅពីក្រោយនៃហេតុការណ៍ដ៏សោកសៅនេះនៅឡើយទេ បន្ទាប់ពីដកមេនគរបាលក្រុងម៉ាឡំាង ជាទីកន្លែងប្រារព្ធកម្មវិធីបាល់ទាត់បង្កវិនាសកម្មជីវិតពលរដ្ឋស្លូតត្រង់នោះ៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស

ប្រភព៖ AFP