ព័ត៌មានអន្តរជាតិ

សហរដ្ឋអាម៉េរិក និង ម៉ិកស៊ិកកូ ត្រៀមជើងការណ៍ដើម្បីទប់ទល់នឹងវេរម្ភវាត(ខ្យល់ព្យុះ)កំណាចឈ្មោះ (Orlene) បង្កឱ្យមានទឹកជំនន់ និងរអិលបាក់ដី

image

សហរដ្ឋអាម៉េរិក៖ យោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលជាតិបង្ការវេរម្ភវាតជាតិ ឬហៅកាត់ថា (NHC) នៅសហរដ្ឋអាម៉េរិកបានឱ្យដឹងថា ខ្យល់ព្យុះកំបុតត្បូង ឈ្មោះ (Orlene) បានបោកបក់ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគនិរតី ប្រទេសម៉ិកស៊ិកកូ ហើយនេះជាព្យុះដ៏គ្រោះថ្នាក់ប្រភេទទី៣ វាបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបាក់ស្រុតដីជាដើម ខណៈការព្យាករឱ្យដឹងថាវានឹងថមថយឥទ្ធិពលមកវិញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

ទីភ្នាក់ងារ (NHC) មានមូលដ្ឋាននៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាម៉េរិក បានបញ្ជាក់នៅក្នុងការណែនាំជាសាធារណៈចុងក្រោយបំផុតរបស់ខ្លួនថា ព្យុះសង្ឃរា (Orlene) មានកម្លាំងខ្យល់បក់បោកជាអតិបរមាជិត ២០៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ទីភ្នាក់ងារវេរម្ភវាតជាតិឬហៅកាត់ថា (NHC) ខាងលើដដែលនេះ បានឱ្យដឹងបន្ថែមទៀតថា ព្យុះ (Orlene) អាចនឹងថយចុះឥទ្ធិពលរបស់ពីតំបន់តាមជួរភ្នំ នៅភាគនិរតីប្រទេស ក្នុងរយៈពេល ៦០ ទៅ ៧២ម៉ោងខាងមុខនេះ ។

ខ្យល់ព្យុះនេះនឹងបក់ឆ្លងកាត់កោះ Islas Marias ដោយនាំមកជាមួយនូវកម្រិតទឹកភ្លៀងធ្លាក់ចាប់ពី ៦ ទៅ ១០ អ៊ីញ ឬស្មើនឹងចាប់ពី១៥ ទៅ ២៥ សង់ទីម៉ែត្រ ។

ដោយឡែក ទីភ្នាក់ងារការពារជនស៊ីវិលប្រទេសម៉ិកស៊ិកកូឯណោះវិញ បានប្រកាសនៅលើបណ្តាញសង្គម Twitter ជុំវិញការបិទកំពង់ផែនៅតំបន់ Nayarit, Jalisco និង Colima ដើម្បីប្រុងជើងការណ៍ទប់ទល់នឹងវេរម្ភវាត(ខ្យល់ព្យុះ)កំណាចមួយនេះផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters/ CNA