ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនបានផ្លែផ្កាបែបវោហាសាស្រ្តដាក់ឱ្យរដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីកម្លាំងរបស់ខ្លួននៅក្រុង Lyman ជម្លៀសចេញនិងដាក់ពង្រាយឡើងវិញដោយជោគជ័យ

image


អ៊ុយក្រែន៖ ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ចេញសារឆ្លើយឆ្លងបែបឌឺដងមួយទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ទាហានរបស់ខ្លួនសឹងតែទាំងអស់ដែលស្ថិតនៅក្នុងតំបន់ទីក្រុង Lyman របស់អ៊ុយក្រែន បានធើ្វការជម្លៀសខ្លួនដោយសុវត្ថិភាពគេចចេញពីការឡោមព័ទ្ធរបស់ទាហានអ៊ុយក្រែន ហើយនិងត្រូវបានគេដាក់ពង្រាយឡើងវិញនៅតាមទីតាំងយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន។
ឆ្លើយតបទៅនឹងការប្រកាសខាងលើនេះ ក្រសួងការពារជាតិអ៊ុយក្រែនក៏បានធើ្វការបង្ហោះសារមួយនៅលើបណ្ដាញសង្គម (Twitter) របស់ខ្លួន ដោយបានសរសេរដូច្នេះថា៖ “ពួកយើងសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបានជួយសម្រួលក្នុងការរៀបចំឱ្យមាន កន្លែងកប់ខ្មោចរួមគ្នាដ៏ធំមួយផ្សេងទៀតស្រដៀងគ្នាទៅនឹងទីក្រុង Lzyum (គួរបញ្ជាក់ថា ជ័យជំនះក្នុងទីក្រុង Lzyum គឺជាជោគជ័យដ៏ធំមួយរបស់យោធាអ៊ុយក្រែនទល់នឹងទាហានរុស្ស៊ីកាលពីពេលថ្មីៗនេះ) ដោយក្នុងនោះដែរទាហានរុស្ស៊ីសឹងតែទាំងអស់ដែលប្រចាំការនៅក្នុងតំបន់មួយនេះ (Lyman) ត្រូវបានគេដាក់ពង្រាយឡើងវិញសម្រាប់ធើ្វជាបាវខ្សច់ការពារគ្រាប់ រីឯអ្នកខ្លះទៀតត្រូវបានគេដាក់ពង្រាយឱ្យនៅក្នុងទ្រុងដែក“ ហើយសំណួរចុងក្រោយរបស់ពួកយើងខ្ញុំនោះគឺ តើអ្នកចង់ឱ្យរឿងបែបនេះបន្ដកើតមានឡើងទៀតដែរឬទេ?។
ពាក់ព័ន្ធទៅនឹងរឿងនេះដែរ បើតាមអ្នកនាំពាក្យឱ្យទីបញ្ជាការដ្ឋានយោធាអ៊ុយក្រែនប្រចាំតំបន់សឹកភូមិភាគបូព៌ាបានឱ្យដឹងថា នៅក្នុងប្រតិបតិ្តការវាយដណ្ដើមយកទីក្រុង Lyman មកវិញពីទាហានរុស្ស៊ីដែលបានប្រព្រឹត្តទៅដោយជោគជ័យកាលពីពេលថ្មីៗប៉ុន្នានថ្ងៃមុននេះថា កងកម្លាំងរបស់ខ្លួនបានធើ្វការឡោមព័ទ្ធទាហានសត្រូវប្រមាណជិត ៧,០០០នាក់ ដោយក្នុងនោះមួយចំនួនត្រូវបានស្លាប់ដោយសារតែការប្រយុទ្ធគ្នានិងជាច្រើនពាន់នាក់ទៀតត្រូវបានខ្លួនចាប់ជាឈ្លើយសឹក។
ទីក្រុង Lyman ដែលអ៊ុយក្រែនទើបនឹងរំដោះបានខាងលើនេះ ធ្លាប់ត្រូវបានទាហានរុស្ស៊ីវាយដណ្ដើមគ្រប់គ្រងកាលពីក្នុងខែឧសភាកន្លងទៅ ហើយបានកែប្រែតំបន់នេះឱ្យក្លាយទៅជាតំបន់មជ្ឍមណ្ឌលដឹកជញ្ជូនយោធាដ៏សំខាន់មួយ សម្រាប់គាំទ្រប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ Donetsk។ ភាពជោគជ័យរបស់អ៊ុយក្រែននៅពេលនេះ អាចនឹងផ្តល់ជាមធ្យោបាយយោធាដ៏សំខាន់មួយផ្សេងទៀត សម្រាប់ជួយឱ្យយោធាអ៊ុយក្រែនបន្ដការធ្វើយុទ្ធនាការវាយបករបស់ខ្លួនឆ្ពោះទៅទិសខាងកើតបន្ដទៀត៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The New Voice of Ukraine