ធនាគារពិភពលោក៖ កម្ពុជា អាចរៀនបទពិសោធន៍ពីប្រទេសវៀតណាម ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់វិស័យទេសចរណ៍របស់ខ្លួន
| ព័ត៌មានជាតិ
SHARE

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកម្ពុជា បានទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ នៅក្នុងឆ្នាំ ២០១៧ ខណៈប្រទេសថៃ និងវៀត ណាម ទទួលបានភ្ញៀវទេសចរបរទេសពី ៣៥,៤លាននាក់ និង ១២,៩លាននាក់។

របាយការណ៍ដដែលបញ្ជាក់ថា បើសម្លឹងមើលទីផ្សារទេសចរណ៍ប្រទេសក្បែរខាងកម្ពុជា ទាំង ពីរនេះរួមបញ្ចូលគ្នា គឺមានទំហំធំធេង តែកម្ពុជាទទួលបានតែចំណែកតូចនិងថយចុះប៉ុណ្ណោះ ។ តែជាលទ្ធកម្ពុជា ទទួលបានត្រឹមតែ ១០ភាគរយ នៃចំនួនភ្ញៀវទេសចរសរុបដែលមក ទស្សនាប្រទេសថៃនិងវៀតណាម នៅក្នុងឆ្នាំ២០១៧ ពោលគឺថយចុះពី ១២ភាគរយ ក្នុងឆ្នាំ ២០១៤ ។

នេះឆ្លុះបញ្ចាំងថា ភ្ញៀវទេសចរបរទេសមិនទាន់យល់ដឹងច្រើនពីសក្តានុពលរបស់កម្ពុជា ដែលធ្វើឲ្យប្រទេសនេះ នៅតែមិនទាន់ទទួលបានជោគជ័យខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចបរទេស ដែលមកកម្សាន្តប្រទេសជិតខាងរបស់ខ្លួន។

របាយការណ៍នេះបញ្ជាក់ថា ជាង ៨០ភាគរយនៃភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជាគឺជាអ្នកទស្សនាជាលើកដំបូង។ ដោយសារគោលដៅទេសចរណ៍ និងការធ្វើពិពិធកម្មផលិត ផលទេសចរណ៍មានកំណត់ ដែលធ្វើឲ្យភ្ញៀវទេសចរមានប្រមាណតែ ១៦,៥ភាគរយនៃចំនួនភ្ញៀវទេសចរបរទេស ចង់មកទស្សនាប្រទេសកម្ពុជាវិញ បើប្រៀបធៀបទៅនឹងប្រទេសថៃមានជាង ៥០ភាគរយ។

ការសិក្សាមួយបានចង្អុលបង្ហាញថា ការមកទស្សនាម្តងទៀតរបស់ភ្ញៀវទេសចរបរទេសអាច បណ្តាលមកពីកត្តាជាច្រើន។ ទាំងនេះរួមបញ្ចូលទាំងការពេញចិត្តជាមួយការស្នាក់នៅ, ការដើរទិញឥវ៉ាន់, ភោជនីយដ្ឋាន និងអាហារ និងអាកប្បកិរិយារបស់ប្រជាជនក្នុងស្រុក ដែលជាទូទៅមានភាពរួសរាយ និងការកម្សាន្តសប្បាយជាដើម។

របាយការណ៍ធនាគារពិភពលោកលើកឡើងទៀតថា បទពិសោធន៍មេរៀន នៅវៀតណាម ប្រហែលជាអាចអនុវត្តន៍បាននៅកម្ពុជា។ ប្រទេសវៀតណាមបានធ្វើយ៉ាងល្អឥតខ្ចោះ ចាប់តាំងពីឆ្នាំ ២០១៦មក ដែលការមកដល់នៃភ្ញៀវទេសចរបរទេសបានកើនឡើងជិត ៣០% ក្នុងមួយឆ្នាំ។

បញ្ហាសំខាន់ៗដូចជា ការកំណែទម្រង់ទូលំទូលាយ រួមទាំងការអនុវត្តច្បាប់វិស័យទេសចរណ៍, គោលនយោបាយអនុគ្រោះលើកទឹកចិត្តការវិនិយោគក្នុងវិស័យទេសចរណ៍, ការផ្តល់អាទិភាពសម្រាប់ការលើកកម្ពស់ផ្នែកធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងចាត់ទុកការលើកកម្ពស់ការផ្សព្វផ្សាយវិស័យទេសចរណ៍ គឺជាផ្នែកមួយក្នុងចំណោមវិធានការសំខាន់ៗ ដែលបានជួយជំរុញវិស័យទេសចរណ៍របស់វៀតណាម។

ជុំវិញបញ្ហានេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្គាល់ថា ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្នពិតជាបោះជំហានក្រោយប្រទេសថៃ និងវៀតណាម ហើយថា ការសិក្សារៀនសូត្រពីចំណុចខ្លាំងផ្នែកវិស័យនេះពីប្រទេសជិតខាង គឺជា រឿងចំាបាច់មួយ។

តែយ៉ាងណាក៏ដោយឯកឧត្តមបានលើកឡើងថា កម្ពុជា ទើបតែទទួលបានសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយការទាក់ទាញភ្ញៀវទេសចរបរទេសបានក្នុង រង្វង់ជាង ៥លាននាក់ទៅ ៦លាននាក់របស់កម្ពុជានាពេលនេះ គឺអាចចាត់ទុកថាភាពជោគ ជ័យមួយ ព្រោះវិស័យនេះ បានរួមចំណែកក្នុង GDP ប្រមាណ ១០ភាគរយក្នុងមួយឆ្នាំ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation