ព័ត៌មានជាតិ

សម្តេចសាយ ឈុំ ៖ សិទ្ធិមនុស្សមិនត្រូវបានគោរព ក្នុងកាលៈទេសៈដែលប្រទេសកើតមានសង្រ្គាម ភាពចលាចល និងអសន្តិសុខសង្គម

image

នាព្រឹកថ្ងៃនេះ សម្តេចសាយ ឈុំ បានអញ្ជើញជាអធិបតី ទិវាសិទ្ធមនុស្សអន្តរជាតិលើកទី៧០ ក្រោមប្រធានបទ «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស»។

សម្តេចសាយ ឈុំ មានប្រសាសន៍ថា ប្រវត្តិសាស្រ្តសកលលោក ជាពិសេសប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា បង្ហាញឲ្យឃើញថា សិទ្ធិមនុស្សមិនត្រូវបានគោរពនោះទេក្នុង កាលៈទេសៈដែលប្រទេសកើតមានសង្រ្គាម ភាពចលាចល និងអសន្តិសុខសង្គម។ ជាក់ស្តែង ប្រជាជនកម្ពុជា ធា្លប់ទទួលរងនូវការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង ចាប់តាំងពីការកើតមានសង្រ្គាមនាដើមទសវត្សឆ្នាំ១៩៧០មកម្លេះ ជាពិសេស ក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។ របបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នេះ បានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទីលើគ្រប់វិស័យ មានជាអាទិ៍ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និងសិទ្ធិមនុស្ស សាសនា ប្រពៃណី និងវប្បធ៌ម។ល។

សម្តេចបញ្ជាក់ថា ទិវាសិទ្ធិមនុស្ស១០ធ្នូ ផ្តល់ឲ្យយើងនូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្សដែលមានជាប់ជាមួយយើងម្នាក់ៗតាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ។ សិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើង ទាំងអស់គ្នាផងដែរ។ សិទ្ធិទាំងអស់នេះ យើងត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ៕