ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ឡាវនិងវៀតណាម ទទួលបានផលវិជ្ជមាន ជាពិសេសបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ ៖ ស្របទៅតាមការគ្រោងទុក, សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មកដល់មាតុភូមិវិញហើយ ប្រកបដោយសុវត្ថិភាព និងលទ្ធផលវិជ្ជមាន បន្ទាប់ពីបានអញ្ជើញ​ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជិតខាងចំនួន២ គឺប្រទេសឡាវ និងវៀតណាម អស់រយពេល៤ថ្ងៃ។

គួររំលឹកថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែធ្នូ ទៅកាន់ប្រទេសឡាវ និងវៀតណាម បន្ទាប់ពីសម្តេចត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៦ថ្មីនេះ។

សម្តេចតេជោ តាមរយៈប្រព័ន្ធទំនាក់ទំនង Facebook បានចេញផ្សាយឲ្យដឹង នៅរសៀលថ្ងៃទី៨ ខែធ្នូនេះថា ជាលទ្ធផល ទាំងនៅប្រទេសឡាវ និងវៀតណាម គឺទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើន ជាពិសេសលើការទំនាក់ទំនង បង្កើនកិច្ចសហប្រតិបត្តិការ គ្នាទៅវិញទៅមក។

នៅប្រទេសឡាវរដ្ឋាភិបាលកម្ពុជា-ឡាវ បានចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន៤​ ដែលបានផ្តល់ផលប្រជោជន៍សំខាន់ សំរាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសការឯកភាព ក្នុងការផ្គត់ផ្គង់អគ្គិសនី ពីឡាវមកកម្ពុជា ការតភ្ជាប់ស្ពានភាគខាងជើង នៃខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រហូតដល់ខេត្តចំប៉ាសាក់ ដែលផ្ដល់ឱកាសឲ្យប្រទេសទាំងសងខាង ងាយស្រួលក្នុងការធ្វើដំណើរ និងផ្លាស់ប្តូរទំនាក់ទំនងផ្សេងៗ។

ចំណែកនៅប្រទេសវៀតណាមវិញ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នា ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ជាពិសេសបានព្រមព្រៀងចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន៦ ដែលបំរើនូវផលប្រយោជន៍ នៃប្រទេសទាំងពីរផងដែរ។ ជាពិសេសនោះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការពង្រឹងទំនាក់ទំនងទាំងទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ៕ ( អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation