សម្តេចតេជោ​ ហ៊ុន សែន បង្ហាញជំនឿរួមគ្នាជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាមថា តាមរយៈទស្សនកិច្ចផ្លូវការក្នុងប្រទេសវៀតណាមនិងចុះអនុស្សរណៈលើឯកសារមួយចំនួន នឹងនាំផលប្រយោជន៍ដល់ជាតិ និងប្រជាជនកាន់តែច្រើនបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទី ក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ នៅព្រឹកថ្ងៃទី៧ធ្នូនេះ។ បន្ទាប់ពីសាធា​រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីជ្រើសរើសសម្រាប់ ដំណើរបំពេញទស្សន​កិច្ចផ្លូវការ បន្ទាប់ពីរូបសម្តេចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា កាល​ពីដើមខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨កន្លងទៅ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀត​ណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញ។ ជាមួយនឹង អក្សរចារិកពណ៌មាស ដែលមានខ្លឹមសារដ៏ជ្រាលជ្រៅបំផុតនោះ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា បានលំឱនកាយវាចាចិត្តដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវីរយុទ្ធជន នៃកងទ័ពប្រជាជនវៀតណាម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេស និងប្រជាជនវៀតណាម ចេញពីអាណានិគមនិយម រហូតប្រទេសជាតិទទួលបាន នូវឯករាជ្យជាតិយ៉ាងពេញលេញ និងមានការអភិវឌ្ឍរីកចម្រើន​រហូតមកដល់បច្ចុប្បន្ន។

ដូចគ្នានឹងការគោរពវិញ្ញាណក្ខន្ធចំពោះយុទ្ធជនពលីវៀតណាម នៅស្តូប លោកប្រធានហូជីមិញ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា បានលំឱនកាយវាចាចិត្តគោរពយ៉ាងអស់ពីដូងចិត្ត ជាមួយនិងថ្នាក់ដឹកនាំនិងប្រជាជនវៀត​ណាម ដែលបានបាត់បង់នូវមេដឹកនាំដ៏ឆ្នើមរបស់ខ្លួន គឺលោកប្រធាន ហូជីមិញ ដែលបានដឹកនាំ និងកសាងប្រទេសវៀតណាម ពីការបែកបាក់រហូតទទួលបាននូវការឯកភាពជាតិ និងកសាងប្រ ទេសពីគំនរផេះផង់រហូតទទួលបាន នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសជីវភាព​រស់​នៅរបស់ប្រជាជន​វៀតណាមកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

​​នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហាណូយ សាធារណ រដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់សម​ភាគីនាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ​នោះ​ដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀត​ណាម បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធា​រណរដ្ឋសង្គមនិយមវៀតណាម។

​​សូមជម្រាបថា ប្រទេស​ទាំង​ពីរ​កម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូត​ជាមួយគ្នា នៅថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ១៩៦៧ តែ ត្រូវបាន​កាត់​ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩​។ វៀត​ណាមនិងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំ​ប្រទល់រួមគ្នា​ប្រវែង​ប្រ​មាណ​ជាង ១ពាន់២៧០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា​ ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺ​ដើម្បី​ពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែ​ខ្លាំង​ក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេស​ចរណ៍ អប់រំ សន្តិ​សុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរ​ធ្លាប់​បាន​ធ្វើកិច្ច​សហ​ប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើង​ថែម​ទៀត​។

សូម​បញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេ ជោនាយក​រដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀត​ណាម នៅ​ពេល​នេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង​ការ​ពារ​ជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណ ការ និង​ដឹកជញ្ជូន ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ​ព្រំ​ដែន ឯកឧត្តម វ៉េង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ឯកឧត្តម ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯក ឧត្តម​បណ្ឌិតសុភាចារ្យ ហង់ ជូនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខៀវ កា ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេចរណ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រី ថាមរុង្គ រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កែវ បាភ្នំ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ឯក​ឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរជាច្រើនរូបទៀត។

​​បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀត​ណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមភាគីឡាវ ឯកឧត្តម ង្វៀន សួនហ៊្វុក បានអញ្ជើញធ្វើជំនួបចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុននិងឈានទៅកិច្ចប្រជុំកំ​ពូល​ទ្វេភាគី សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ បន្ទាប់ពីបានចំណាយការ​ពិភាក្សា​គ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេល​នជាង២ម៉ោង​ប្រកបដោយលទ្ធផលដ៏ត្រចះ​ត្រចង់​រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បាន​អញ្ជើញធ្វើជាសាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៦ ក្នុងនោះរួមមានទី១ អនុ​ស្សរណៈ នៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈ ពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។ ទី២ វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់​ការ​អនុ​វត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨) ទី៣វិសោធនកម្ម កិច្ចព្រមព្រៀង​ស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩) ទី៤កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា វៀត​ណាម​ ទី៥កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក និងទី៦កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម៕ ( អត្ថបទ និង រូបភាព ហ៊ន សុភ័ក្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation