ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី ស្វាគមន៍ចំពោះសហគ្រិន ដែលបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស​ចំពោះស្ត្រី

image

ភ្នំពេញ ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ការបង្កើតការងារជូនប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

មានប្រសាសន៍ នៅក្នុងពិធីសម្ពោធជាផ្លូវការ ហាងលក់គ្រឿងអលង្ការម៉ាកភេនដូរ៉ា និងនាឡិកាដៃម៉ាកបឺរីង នៅផ្សារទំនើបអ៊ីអនទី២, លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ស្វាគមន៍ ចំពោះសហគ្រិនកម្ពុជា ដែលមានភាពសកម្ម និងមានគំនិតថ្មី ក្នុងការនាំយកផលិតផលបរទេស មកលក់ក្នុងប្រទេស ហើយក៏ស្វាគមន៍ផងដែរ ចំពោះការផលិតផលិតផលនៅក្នុងប្រទេស ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋ។

ស្របទៅតាមការលើកឡើង របស់លោកជំទាវរដ្ឋមន្ត្រី, លោក ធារី ធី នាយកប្រតិបត្តិ ក្រុមហ៊ុនសានដារ៉ា បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក បានបង្កើតការងារជូនបុគ្គលិក ប្រមាណ៣០នាក់ហើយ និងមានបំណងធ្វើឲ្យក្រុមហ៊ុនរបស់លោក ក្លាយជាក្រុមហ៊ុនលក់រាយ និងចែកចាយឈានមុខគេនៅកម្ពុជា ដើម្បីបង្កើតការងារជាច្រើនកន្លែងថែមទៀត​ ជូនដល់ប្រជាពលរដ្ឋ។

ពាក់ព័ន្ថនឹងទីផ្សារវិញ លោកនាយកប្រតិបត្តិ បានលើកឡើងដែរថា ប្រជាជនកម្ពុជា ចូលចិត្តទិញផលិតផលម៉ាកល្បីៗ ពីក្រៅប្រទេស នៅអំឡុងពេលដំណើរកម្សាន្ត ដូច្នេះប្រសិនបើយើងផ្តល់សេវាកម្មក្នុងស្រុក ឲ្យមានលក្ខណៈល្អប្រសើរ ទៅតាមស្តង់ដារដូចក្រៅប្រទេសនោះ នឹងធ្វើឲ្យអតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកផលិតផលម៉ាកល្បីៗ នៅក្នុងប្រទេស ជាមួយនឹងតម្លៃសមរម្យ និងមានគុណភាព៕ អត្ថបទ ៖ សន ពិសិដ្ឋ