ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវ​នាវដល់ធុរជនវៀតណាមចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើនថែមទៀត

image

ស​​ម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន​ សែន អំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា មកសិក្សាស្វែងយល់ពីសក្ដានុពល និងការលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងកម្ពុជា និងវៀតណាម។

ការអំពាវរបស់ប្រមុខរាជរដ្ឋភិបាលកម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីម្សិលមិញ។ វេទិការធុរកិច្ចដ៏សំខាន់នេះ គឺមានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក ក៏ដូចជាពាណិជ្ជករ អ្នកធុរកិច្ចកម្ពុជា និងវៀតណាមជាច្រើនផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរថាគន្លឹះអំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងកាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា។

សម្តេចតេជោលើកឡើងអំពីសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ៧,៣% ហើយសម្រាប់រយៈ ពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចខ្ពស់នេះបានធ្វើឱ្យកម្ពុជា សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកប ដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

ជាមួយគ្នានេះសម្តេចតេជោបានមានប្រសាសន៍ទៀតថា កម្ពុជា និងវៀតណាម បានចាប់ផ្តើមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ ដែលឆ្នាំ ២០១៨ នេះជាខួបលើកទី ៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរផងដែរ។

ពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានប្រមាណ ២,១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។

ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ មានចំនួន ៣៤២ លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ ២០១៧ មាន ប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក។

ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ ពាន់លានដុល្លារ ដែលផ្តោតសំខាន់លើវិស័យ កសិកម្ម និងហេដ្ឋា-រចនាសម្ព័ន្ធ។

កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការចៀសវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៨៕
អត្ថបទ៖ ហ៊ន សុភ័ក្រ