បងស្រី Beat Richner៖ បំណងចុងក្រោយរបស់ប្អូនប្រុស ចង់ឲ្យយកអដ្ឋិធាតុមកតម្កល់ទុកនៅទឹកដីខេត្តសៀមរាប
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ លោកស្រីAnnaregula Lutz ជាបងស្រីបង្កើតលោកBeat Richner បានយកអដ្ឋិធាតុប្អូនប្រុស ដោយផ្ទាល់ដៃ ពីទីក្រុងហ្សួរិច ប្រទេសស្វីស មកតម្កល់ទៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផា ខេត្តសៀមរាប ដោយលោកស្រីបញ្ជាក់ថា នេះជាបំណង ចុងក្រោយរបស់ប្អូនប្រុស ដែលចង់ឲ្យយកអដ្ឋិធាតុ មកតម្កល់ទុកនៅទឹកដីខេត្តសៀមរាប ។


លោកស្រី Annaregula Lutz ថ្លែងដោយក្រៀមក្រំថា នេះជាការចងចាំមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ចំពោះវីរភាពលោកបណ្ឌិត Beat Richner នូវអ្វីដែលលោកបានជួយដល់កម្ពុជា ដែលពលរដ្ឋខ្មែរគោរពស្រលាញ់ផ្ដល់តម្លៃឲ្យលោក នូវការលះបង់ដ៏ធំធេងនាពេលកន្លងមក និងបន្តទុកស្នាដៃនៅកម្ពុជា។ មានន័យថា ការយកអដ្ឋិធាតុ របស់ប្អូនប្រុសមកតម្កល់ទីនេះ គឺស័ក្ដិសមបំផុត ចំពោះប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់ និងគោរពលោក អាចមកធ្វើការគោរពដល់វិញ្ញាណក្ខន្ធ របស់ប្អូនប្រុសលោកស្រីនៅទីនេះបាន។

លោកស្រីបញ្ជាក់ទៀតថា ពាក់កណ្ដាលនៃជីវិតរបស់ប្អូនប្រុស ពិសេស២៥ឆ្នាំចុងក្រោយនេះ បានចំណាយពេលវេលា ដ៏មានសារៈសំខាន់នៅកម្ពុជា និងចាត់ទុកកម្ពុជាដូចជាផ្ទះរបស់លោកជាកន្លែងដែលប្រជាជនខ្មែរ បានស្គាល់ និងគោរពស្រលាញ់។

អដ្ឋិធាតុលោកវេជ្ជបណ្ឌិត បេអាត រិចណឺ បានដឹកពីប្រទេសស្វីស មកដល់ខេត្តសៀមរាប កាលពីម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការសូត្រមន្ត គោពវិញ្ញាណក្ខន្ធផងដែរ និងមានការហែចេញ ពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ទីដែលត្រូវតម្កល់ធាតុរបស់លោក។

ព្រះមហាក្សត្រ កម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ ហ្លួងម៉ែ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨បានយាងថ្វាយគ្រឿងសក្ការបូជា នៅចេតិយ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) នៅក្នុងបរិវេណ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត រិចឆ្នឺរ កើតនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៤៧ ហើយបានទទួលអនិច្ចកម្ម នៅវេលាម៉ោង២និង៤៥នាទីព្រឹក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទីក្រុងហ្យុយរិក ប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ។ ការទទួលមរណភាពរបស់លោកនេះ បានធ្វើឲ្យពលរដ្ឋខ្មែរ ទូទាំងប្រទេសសោកស្តាយជាពន់ពេក ចំពោះការបាត់បង់រូបលោក ។ លោក បេអាត រិចឈ្នឺរ ត្រូវបានពលរដ្ឋខ្មែរដាក់រហស្សនាមថា ជាពេទ្យទេវត្តា ដោយសារលោកជាស្ថាបនិកមូលនិធិគន្ធបុបា្ផ ដែលបានកសាង និងដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ជាង២៥ឆ្នាំនៅកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation