ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានចាត់ទុកជាឧទ្យានដែលមានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រនិងទេសចរណ៍ធម្មជាតិ - CNC News
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានចាត់ទុកជាឧទ្យានដែលមានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រនិងទេសចរណ៍ធម្មជាតិ
| ព័ត៌មានជាតិ
SHARE

(ព្រះវិហារ) ៖ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាឧទ្យានមួយដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ដោយមានចក្ខុវិស័យក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានវប្បធម៌ដែលមានតម្លៃផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ និងជាតិពន្ធុសាសន៍ ព្រមទាំងធនធានធម្មជាតិសំខាន់ៗប្រកបដោយនិរន្តរភាព ។ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានសក្តានុពលទៅលើ បេតិភណ្ឌប្រវត្តិសាស្ត្រ បុរាណវិទ្យា បរិស្ថាន ធម្មជាតិ ទេសចរណ៍ និងជាតិពិន្ធុវិទ្យា៖

បេតិភណ្ឌប្រវត្តិសាស្ត្រ បុរាណវិទ្យា
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានបេតិភណ្ឌប្រវត្តិសាស្ត្រ និងវត្ថុបុរាណ ដែលងាយស្រួលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីទំនៀមទំលាប់ការរស់នៅរបស់ប្រជាជនខ្មែរនៅសម័យបុរាណ។ ជាពិសេស អ្នកស្រាវជ្រាវ និងសិស្សនិស្សិត នឹងទទួលបានទស្សនា ស្លដែកបុរាណ និងស្វែងយល់ពីការស្លដែករបស់ប្រជាពលរដ្ឋខ្មែរ នៅសម័យបុរណ ដែលបំរើដល់ការប្រកបរបរកសិកម្ម និងគ្រឿងប្រើប្រាស់ផ្សេងៗ។

បរិស្ថាន ធម្មជាតិ
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គ្របដណ្តប់ដោយព្រៃឈើ ក្នុងទំហំ ១១,៤៣៥ គីឡូម៉ែត្រក្រឡា។ ស្ថិតក្រោមព្រៃឈើដ៏ច្រើននេះ អ្នកចូលរួមទស្សនាទាំងជាតិ និងអន្តរជាតិ អាចស្វែងយល់ពីធម្មជាតិដ៏សំបូរបែប និងទទួលបានអារម្មណ៍ស្រស់ស្រាយ។ លើសពីនេះ ភ្ញៀវទេសចរ អាចទទួលបទពិសោធន៍នៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលរស់អាស្រ័យធម្មជាតិ ដូចជា កសិកម្ម សត្វព្រៃ។

ទេសចរណ៍
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្វាគមន៍ទទួលការចូលទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ភ្ញៀវទេសចរ អាចធ្វើការសម្រាក់កំសាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធ និងស្វែងយល់ពី ធម្មជាតិ វត្ថុបុរាណ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ជាងនេះទៅទៀត ថ្នាក់គ្រប់គ្រងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បាននិងកំពុង ធ្វើការអភិវឌ្ឍឧទ្យាន ធ្វើយ៉ាងណា ផ្តល់លក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាតិពិន្ធុវិទ្យា

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាតំបន់ដែលមានរុក្ខជាតិប្លែកៗជាច្រើន។ អ្នកទេសចរ អាចស្គាល់រុក្ខជាតិថ្មីៗជាច្រើន ព្រមទាំងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះ។ រុក្ខជាតិខ្លះ ត្រូវបានគេប្រើប្រាស់ក្នុងការរស់នៅដូចជា ថ្នាំ គ្រឿងលំអ។ ប៉ុន្តែមានរុក្ខជាតិខ្លះទៀត មិនត្រូវបានគេប្រើប្រាស់នោះទេ។ ការស្គាល់នូវរុក្ខជាតិថ្មីៗប្លែកៗទាំងនេះ អាចធ្វើអោយភ្ញៀវទេសចរ មានភាពសប្បាយរីករាយ នឹងរៀននូវអ្វីថ្មីៗ។

សូមជំរាបថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបមានទីស្នាក់ការនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ហើយឧទ្យានេះ កំពុងរៀបចំជាបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ប៉ុន្តែកំឡុងពេលនេះ ភ្ញៀវទេសចរណ៏អាចធ្វើការស្នាក់នៅជាមួយប្រជាពលរដ្ឋក្នុងតំបន់ និងស្វែងយល់ពីរបៀបរស់នៅរបស់ពួកគេ ហើយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នេះ មានទទួលបំរើសេវាសម្រាប់ភ្ញៀវទេសចរណ៏ជាតិអន្តរជាតិ និង សិស្សនិសិត្ស ដែលរួមមានការដើរកម្សាន្តក្នុងព្រៃ ការសិក្សាពីប្រភេទសត្វព្រៃ និង ការសិក្សាពីប្រភេទរុក្ខជាតិកម្រនានា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation