សម្ដេចស ខេង បើកសិក្ខាសាលាអន្ដរជំនឿសាសនាលើកទី៧
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកអង្គសិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរផ្លូវគោក»នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលសន្និទចតុមុខ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សិក្ខាសាលានេះត្រូវបានធ្វើឡើង ដើម្បីជជែកពិភាក្សាគ្នា ផ្លាស់គំនិតប្ដូរយោបល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍សាសនានីមួយៗ ជៀសផុតពីគ្រឿងញៀន និងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នានាក្នុងសង្គមកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើនជឿនលឿនសម្រាប់សង្គមជាតិខ្មែរទាំងមូល។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំអង្គសិក្ខាសាលានេះឡើង ដែលជាការផ្ដល់កិត្តិយស និងកិត្យានុភាពនៃសុខដុមនីយកម្មសាសនានៅកម្ពុជា ដូចជាការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះសេរីភាពនៃជំនឿសាសនារបស់ប្រជាពលរដ្ឋលើឆាកជាតិ និងអន្ដរជាតិ។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ការអនុវត្តនូវគោលនយោបាយការបង្រួបបង្រួមជាតិ ដែលធ្វើឲ្យសាសិកនៃសាសនានីមួយៗ នៅកម្ពុជាកាន់តែខិតចូលជិតគ្នា រវាងគម្លាតទាំងឡាយដែលមាននៅក្នុងផ្ទៃក្នុងនៃការប្រតិបត្តិ តាមឱវាទជំនឿសាសនានីមួយៗ និងកាន់តែបានផ្សាភ្ជាប់គ្នាជាមួយការគោរពដើរតាមមាគ៌ា នៃគោលនយោបាយរាប់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្ដេច ស ខេង ក៏បានសង្កត់ធ្ងន់ដោយសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានឹងផ្ដល់ឱកាសសម្រាប់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានពិភាក្សា ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជាប្រយោជន៍ដើម្បីប្រមូលផ្ដុំនូវគំនិត បញ្ញាញាណ និងវិធានការដ៏ម៉ត់ចត់ និងសមស្របតាមការវិវត្ដន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទូយសុខដុមនីយកម្ម ក្នុងវិស័យសាសនានៅកម្ពុជា។

សូមជម្រាបថា សិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» នេះនឹងត្រូវបិទនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា៕
អត្ថបទ៖ ឃឹម វិសាល



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation