ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះ បានជម្រុញអោយថ្នាក់មូលដ្ឋាន ធ្វើស្ថិតិជំរឿន ពលរដ្ឋ អោយលឿនបំផុត

image

ក្រចេះ ៖ ដើម្បីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្តក្រចេះ ឆ្នាំ២០១៩ ដែលមាន គណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្ត ក្រុង ស្រុក ព្រមទាំងមានការផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាជនខេត្ត ក្រុង​ ស្រុក ឃុំ សង្កាត់ ដែលជាការធានាឲ្យបានប្រសិទ្ធភាព នៃយន្តការសម្របសម្រួល ការធ្វើជំរឿនទូទៅប្រជាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ពិធីនេះបានធ្វើឡើងនៅមហោស្របខេត្ត នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ក្រចេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីជំនាញពាក់ពាន់ប្រមាណជា ៣០០នាក់ ផងដែរ ។

លោក គង់ សុជាតិ ប្រធានមន្ទីរផែនការ និងសមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការជំរឿនខេត្តបាន គូសបញ្ជាក់ថា ជំរឿនទូទៅប្រជាជន សំដៅលើវិធីសាស្ត្រទាំងមូល នៃការប្រមូល ការចងក្រង ការវាយតម្លៃ ការវិភាគ និងការផ្សព្វផ្សាយទិន្នន័យ អំពីប្រជាជន នៃប្រទេសមួយ ។ ក្រៅពីនោះការងារនេះ ពាក់ព័ន្ធនឹងការចុះបញ្ជីមនុស្ស ការកត់ត្រាលក្ខណៈរបស់មនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងអស់ តាមកាលបរិច្ឆេទកំណត់មួយ ។ ហេតុនេះនៅពេលដែលធ្វើការចងក្រង ការវិភាគព័ត៌មាន ដែលបានមកពីជំរឿន យើងអាចដឹងពីទំហំ របាយប្រជាជន ព្រមទាំងលក្ខណៈប្រជាសាស្ត្រ សង្គម សេដ្ឋកិច្ច វប្បធម៌ នៃប្រជាជន ព្រមទាំង ព័ត៌មានខ្លះអំពីអគារដែលបានកាន់កាប់ ដោយគ្រួសារ ស្ថានភាពនៅមូលដ្ឋាន និងសម្ភារៈប្រើប្រាស់ នៅក្នុងគ្រួសារ ។ ក្រៅពីនោះទិន្នន័យជំរឿន មានតម្រូវការចាំបាច់បំផុត ក្នុងការធ្វើគោលនយោបាយ ការធ្វើផែនការអភិវឌ្ឍ ការធ្វើកម្មវិធីផ្សេងៗ សម្រាប់ការអភិវឌ្ឍជាតិ សម្រាប់វាយតម្លៃ ការសម្រេចគោលដៅប្រកបដោយចីរភាព SDGs និងជាសូចនាករ សម្រាប់តាមដានត្រួតពិនិត្យភាពក្រីក្រ ស្ថានភាពសេដ្ឋកិច្ច និងសង្គម ផងដែរ ។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ជំរឿនប្រជាជនឆ្នាំ២០១៩ ពិតជាមានសារៈសំខាន់ណាស់ ជំរឿន គឺជាការងារដ៏ធំសម្បើម ត្រូវចំណាយថវិកាច្រើន ដែលស្ទើតែបណ្ដាប្រទេសកំពុងមានការអភិវឌ្ឍតិចតួច មិនអាចធានារ៉ាប់រង ដោយគ្មានដៃគូជួយបានឡើយ ។ ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩នេះ គឺជាជំរឿនលើកទី១ និងជាប្រវត្តិសាស្ត្រ ដែលប្រមុខរាជរដ្ឋាភិបាល បានសម្រេចចំណាយថវិកា ធ្វើដោយខ្លួនឯង ដោយសារមិនមានដៃគូជួយ និងដោយសារជំរឿនត្រូវតែអនុវត្តរៀងរាល់ ១០ឆ្នាំម្ដង មិនអាចខ្វះបាន ។ ម្យ៉ាងវិញទៀត ដោយឃើញថា ការត្រៀមរៀបចំដំណើរការជំរឿន បានដំណើរការរលូន ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ កន្លងមក។

ឯកឧត្ដម អភិបាលខេត្ត បានស្នើសុំឲមន្រ្តីអាជ្ញាធរពាក់ពន្ឋ័ មានការចូលរួម សហការណ៏យ៉ាងផូសផុល ដើម្បីឲដំណើរនៃចុះធ្វើជំរឿនប្រជាជននៅក្នុងខេត្តក្រចេះ ឲមានភាពដំណើរបានយ៉ាងរលូន។ ស្ថិតក្នុងឱកាសនោះដែរ ក្នុងនាមរដ្ឋបាលខេត្ត និងនាមឯកឧត្ដមផ្ទាល់ សំណូមពរទៅដល់ អភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីទទួលការងារជំរឿនប្រជាជនឆ្នាំ២០១៩ មេត្តាយកចិត្តទុកដាក់ បំពេញការងារឲ្យទាន់ពេលវេលា តាមផែនការសកម្មភាព ដែលគ្រោង ដើម្បី ទទួលបានជោគជ័យ ប្រកបដោយគុណភាព ឆ្លើយតបនឹងការចំណាយថវិការបស់ជាតិ ។ ក្រៅពីនោះ គណៈកម្មាធិការជំរឿនខេត្ត នឹងធ្វើការត្រួតពិនិត្យដំណើរការជំរឿននៅក្នុងខេត្ត ព្រមទាំង ធ្វើការសម្របសម្រួលគ្រប់សកម្មភាពជំរឿន ឲ្យទទួលបានលទ្ធផលល្អប្រសើរ។
ដោយ ៖ នាង ចាន់ថា