ព័ត៌មានជាតិ

សិស្សានុសិស្ស១៤៩៧នាក់នៅស្រុកអង្គស្នួល ទទួលបានការជំរុញនឹងលើកទឹកចិត្តពីអាជ្ញាធរក្នុងការសិក្សានិងការងារសង្គម

image

កណ្តាល: អាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្ដាល បានជំរុញនឹងលើកទឹកចិត្តដល់សិស្សានុសិស្ស​ចំនួន១៤៩៧នាក់ នៅក្នុងមូលដ្ឋានឲ្យយកក្តារឆ្នួន ប៊ិចសៀវភៅ​ សាលារៀនជាមិត្តសម្លាញ់ ដើម្បីខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិ ហើយជៀសវាងឲ្យឆ្ងាយពីគ្រឿងញឿន ។

ការលើកឡើងបែបនេះគ្រាដែលក្រុមគណៈពង្រឹងនិងអាជ្ញាធរមូលដ្ឋានចុះជួបចំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សកាលពីថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាវិទ្យាល័យសម្តេចព្រះសង្ឃរាជប៊ូ គ្រី ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្នុងនោះមានវត្តមានឯកឧត្តម បណ្ឌិតរស់ វណ្ណា លោកតាក់ ជី ឡៅ លោក នីម នីរាដេត ដែលជាប្រធាន អនុប្រធានគណៈពង្រឹងនឹងអាជ្ញាធរស្រុកអង្គស្នួល​ ។

លោក តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាងបានអោយដឹងថា កាលដែលក្រុមគណៈពង្រឹងនិងអាជ្ញារធរធ្វើសកម្មភាពបែបនេះជានិច្ចជាកាលគឺក្នុងគោលបំណងជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខំសិក្សា ប្រព្រឹត្តនូវសិលធម៌ នឹងកែលំអស្ថានភាពមូលដ្ឋានអោយមានភាពល្អប្រសើរតាមរយៈរួមគ្នាអភិវឌ្ឍន៍ទៅតាមធនធានដែលមាន។

ជាក់ស្ដែងក្រុមគណៈពង្រឹងនិងអាជ្ញាធរបានជំរុញអោយមានចលនាបែបនេះក្នុងការជួយឧបត្ថម្ភបន្ថែមទៀតទៅដល់សិស្សានុសិស្ស​ នូវសៀវភៅចំនួន១៥០០ក្បាល ប៊ិចចំនួន១៥០០ដើម និងផ្តល់ថវិការចំនួន(ប្រាំពីរលានសែសិបម៉ឺនរៀល) ដល់វិទ្យាល័យសម្តេចព្រះសង្ឃរាជប៊ូ គ្រី ។ជួយឧបត្ថម្ភសាលាឃុំព្រៃពួចចំនួន៣០០០$ ជូនសាលាវិទ្យាល័យហ៊ុន សែនអង្គពពាយចំនួន៥០៦$(ថ្លៃម៉ាសុីនស្លាយ)។ និងឧបត្ថម្ភ ទៅដល់វត្តព្រះឥន្ទសាមគ្គីធម៌ក្នុង១ខែអង្ករ១តោន​ថវិការ១លានរៀល រយៈពេល៣ខែ​ដោយឡែក​ លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ក៍បានជួយឧបត្ថម្ភ​ នូវថវិកាចំនួន ២៥០$​ បន្ថែមផងដែរ ៕ សុភា