​ ក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរីនឹងត្រូវបន្តជួសជុលក្នុងរយៈពេល៥ឆ្នាំ ដោយប្រើប្រាស់ថវិកាសរុប៧លានដុល្លារ
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ អាជ្ញាធរជាតិអប្សរានិងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចុះអនុស្សារណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរី។


នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ នាសាលសន្និសីទសុខា សៀមរាប បានប្រារព្ធពិធីចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរីនៅ ក្នុងទីក្រុង អង្គរធំ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិ អប្សរា សហប្រធានអាយស៊ីស៊ី-អង្គរ រួមទាំងអ្នកជំនាញជាតិនិងអន្តរជាតិជាច្រើនទៀត។

ពិធីនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Jeong Yungil នាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តំណាងឱ្យភាគីកូរ៉េ។ តាមខ្លឹមសារនៃអនុស្សារណៈ គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរីមានរយៈពេល៥ឆ្នាំ ដោយអនុវត្តការងារពីឆ្នាំ២០១៩ ដល់ ២០២៣ ដែលប្រើប្រាស់ថវិកាសរុប៧លានដុល្លារ។

សូមបញ្ជាក់ថា ការជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១បានបញ្ចប់ដោយជោគជ័យនៅចុងឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៦-២១ កញ្ញា ២០១៨ អ្នកជំនាញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានចុះមកពិនិត្យមើលការងារបច្ចេកទេស លទ្ធភាពក្នុងការជួសជុល និងប្រមូលផ្តុំព័ត៌មានផ្សេងៗ មុននឹងសម្រេចបន្តកិច្ចសហប្រតិបត្តិការនេះឡើង។

សូមជំរាបថា ភារកិច្ចសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការនេះ គឺអភិរក្សជួសជុលប្រាសាទជាំ សិក្សាពីចំណុចហានិភ័យខ្ពស់ នៅតាមប្រាសាទក្នុងក្រុមប្រាសាទព្រះពិធូ ជួសជុលផ្នែកខ្លះនៃលានជល់ដំរី រួមទាំងផ្តល់សម្ភារៈក្នុងដំណើរការជួសជុល ក្នុងគម្រោង ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌ដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation