សម្តេចតេជោ ទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ​
| ព័ត៌មានជាតិ
SHARE

​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយនៅព្រឹកថ្ងៃទី៥ធ្នូនេះ។ យន្ត​ហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ 001 បានធ្វើការចុះចតប្រកប​ដោយសុវត្តិភាព កាលពីវេលាម៉ោង៩និង៣០នាទី នៅអាកាសយានដ្ឋាន​អន្តរ​ជាតិ វ៉ាត់តៃ​(Wat​tay) ក្នុងទីក្រុងវៀងចន្ទន៍ ក្រោមការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម​សាស្រ្តា​ចារ្យបណ្ឌិត បូសេងខាំ វង់ដារ៉ា(Bosengkham Vongdara) រដ្ឋមន្រ្តីក្រសួង ព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចេង ម៉ា​និត ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុ​ជា ប្រចាំសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់​ខ្ពស់ របស់រដ្ឋាភិបាលឡាវ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូប។

​​នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅទីស្តីការគណ:រដ្ឋមន្រ្តីឡាវ ក្នុងទីក្រុង​វៀងចន្ទន៍ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសមភាគីនាយករដ្ឋមន្រ្តីឡាវឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលអមដំ​ណើរដោយផ្ទាល់ពី សមភាគីនាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រ ទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

​ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់​ទី​ក្រុងវៀងច័ន្ទនៅ​ពេល​នេះ គឺឆ្លើយតបតាមការអញ្ជើញពីសមភាគីនាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម​បណ្ឌិត ថងលូន ស៊ីសូលីត បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តង​ទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីថ្ងៃខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាល​ពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។ ប្រទេសទាំងពីរកម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូត​ជាមួយគ្នា នៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ១៩៥៦ ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំ​ប្រទល់រួមគ្នាប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេច​តេជោនាយករដ្ឋមន្រ្តីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា​ ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺដើម្បី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហ ប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

​​បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ សម្តេចតេជោ ហ៊ុន សែន និងសមភាគីឡាវ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត បានអញ្ជើញធ្វើ ជំនួបចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុននិងឈានទៅកិច្ចប្រជុំកំពូលទ្វេភាគីសម្រាប់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ឡាវ។ បន្ទាប់ពីបានចំណាយការពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលជិត២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះ​ត្រចង់​រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាសាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៤ ក្នុងនោះរួមមានទី១ កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយះពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០១៩ ទី២អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្ប: សម្រាប់ឆ្នាំ២០១៩-២០២១ ទី៣ អនុ​ស្សារណ:នៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្ប: និងការផ្លាស់ប្តូរ វប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ និងទី៤ អនុស្សារណ:នៃការយោគយល់គ្នា ស្តីពី កិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់ ២៣០ និង៥០០គីឡូវ៉ុល ពី​ស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែង របស់ប្រទេសកម្ពុជា៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation