(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវ និងស៊ើបអង្កេតជនដែលបង្ហោះវីដេអូកាត់ត ជនជាតិចិនកាប់គ្នា នៅរាជធានីភ្នំពេញ ក្នុងចេតនាដើម្បីបំពុលបរិយាកាស ឬចេតនាអាក្រក់ណាមួយ ចំពោះរាជរដ្ឋាភិបាល។
នេះតាមការឲ្យដឹងពីឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសមុខតំណែងនាយនគរបាលជាតិជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានថ្លែងយ៉ាងដូច្នេះថា «ដោយសារមានបញ្ហាទាំងអស់ហ្នឹង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត លោកពង្រឹងបន្ថែមការងារជំនាញនេះ។ នេះជាអំពើល្មើសមួយ ដែលមានចេតនាធ្វើឲ្យខូចបរិយាកាសសង្គម ឬអាចជ្រៅជាងនេះទៅទៀត បម្រើឲ្យនយោបាយក៏អាចថាបាន ដូច្នេះជនបង្កនេះត្រូវតែស្ថិតនៅក្រោមការស៊ើបអង្កេត ដើម្បីបញ្ជាក់រកការពិត ព្រោះយើងមិនអាចឲ្យគាត់មកបំពុលចឹងបានទេ»។
បើតាមការអះអាងរបស់ អគ្គស្នងការរងនគរបាលជាតិរូបនេះ ចំពោះប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងណានោះ គឺស្ថិតក្រោមព្រំដែននៃការកំណត់ដោយច្បាប់ និងក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សូមជម្រាបថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត
នេត សាវឿន តាមរយៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបដិសេធចោលទាំងស្រុង នូវខ្សែវីដេអូឃ្លីបមួយ ដែលបានបង្ហោះចែកចាយគ្នា ក្នុងបណ្ដាញសង្គម នូវរូបភាពឃោឃៅកាប់ចាក់គ្នា ដែលអះអាងថាកើតនៅរាជធានីភ្នំពេញ។
ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា «វីដេអូដែលបង្ហោះតាមបណ្តាញសង្គមនេះ មិនមែនជាការ ពិតដូចកើតមានតាមខ្សែវីដេអូនេះឡើយ។ តាមការពិនិត្យរបស់សមត្ថកិច្ច នៃក្រុមជំនាញ បានបញ្ជាក់ថាវីដេអូនេះ មានការកាត់តរូបភាពក្នុងចេតនាបំពុល បរិយាកាសសង្គម បង្កឲ្យមានការភ័ន្តច្រឡំ និងបង្កើតឲ្យមានការរើសអើងពូជសាសន៍ក្នុងប្រទេសកម្ពុជា»។
ជាថ្មីម្តងទៀត អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសង្កត់ធ្ងន់ថា រឿងនេះមិនមានការកើតឡើងក្នុងប្រទេសកម្ពុជាឡើយ។ ចំណែកសំឡេង ដែលបានថតក្នុងសាច់រឿងនោះ គឺជាសម្លេងថតបញ្ចូល ក្នុងបំណងធ្វើឲ្យមានការយល់ច្រឡំក្នុងបំណងចង់បំពុលបរិយាកាសសន្តិសុខ៕ អត្ថបទ៖ ឃឹម វិសាល