កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បន្តគុណធម៌ ដល់ពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យ នៅស្រុកព្រេជ្រាដា
| ព័ត៌មានជាតិ
SHARE


មណ្ឌលគិរី ៖ ដើម្បីជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយអគ្គិភ័យឆេះផ្ទះឈើអស់ទាំងស្រុងចំនួនពីរខ្នង នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកា បាននាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះភ្លាមៗចំនួន០២គ្រួសារ ស្ថិតនៅភូមិប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោកស្រី ដួច ដារ៉ា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ជាពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ជាពិសេស ជនចាស់ជរា ក្មេងកំព្រា ស្ត្រីមេម៉ាយជនពិកា គ្រួសារដែលមានជីវភាពក្រីក្រ និងគ្រោះថ្នាក់ដោយប្រការផ្សេងៗ។ ជាក់ស្តែង ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន០២គ្រួសារ នាពេលនេះ ទទួលបានអំណោយមនុស្សធម៌មួយចំនួន ដើម្បីជួយដោះស្រាយនូវការខ្វះខាត់បានមួយរយៈពេលខ្លី។

លោកស្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះការដុតទៀន ធូក និងត្រូវបិទចរន្តអគ្គីសនី នៅពេលដែលមិននៅផ្ទះ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ បង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស ជាពិសេស ត្រូវខិតខំប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាស្តារនូវជីវភាពគ្រួសារឡើងវិញ។

តាមការលើកឡើងរបស់នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក អាន សុឃីម បានឱ្យដឹងថា អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន០២គ្រួសារ រួមមាន៖ ក្នុងមួយគ្រួសារ ទទួលអង្ករ៦០គីឡូក្រាម ឃីត១កញ្ចប់ តង់ កន្ទេល ត្រីខ និងថវិកាមួយចំនួន ក្នុងនោះក៏មានថវិការបស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកផងដែរ។

សូមបញ្ជាក់ថា តាមរយបាយការណ៍របស់អធិការរងនគរបាលស្រុកពេជ្រាដា លោកវរសេនីយ៍ត្រី ចាន់ ដារា បានឱ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះនេះ កើតឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ លោក បន្ថែមថា ផ្ទះឈើដែលឆេះអស់ទាំងស្រុងចំនួនពីរខ្នងនេះ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ទី១ ឈ្មោះ គង់ សុឃាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាត់ខ្មែរ រស់នៅភូមិប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទី២ ឈ្មោះ អ៊ុន អាត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ រស់នៅផ្ទះជួលគេ ស្រុកកំណើតនៅភូមិកញ្ចៀ្រច ឃុំកញ្រ្ចៀច ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង។

លោកអធិការរងនគរបាលស្រុកពេជ្រាដា បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យអគ្គិភ័យឆេះផ្ទះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី តែពុំមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ លោកបញ្ជាក់ទៀតថា ការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់កម្លាំងចំនួន១២នាក់ និងប្រើប្រាស់ទឹកអស់៣រថយន្ត ជាលទ្ធផលទប់ស្កាត់បានល្អប្រសើរ៕ ដោយ ៖ នាង ចាន៉ថា & ប៊ុត សុភក៌


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation