អាយស៊ីស៊ី-អង្គរ ​ប្តេជ្ញា​បន្តថែរក្សា ការពារប្រាសាទអង្គរវត្ត ​​និងចូលរួមដោះស្រាយ រាល់បញ្ហាទាំងឡាយ ដែលជាបញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា រក្សាប្រាសាទនេះ សម្រាប់មនុស្សជំនាន់ក្រោយ​
| ព័ត៌មានជាតិ
SHARE

សៀមរាប​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ បានអញ្ជើញជួបសវនាការ ជាមួយលោកជំទាវ អូទ្រេ អាស៊ូឡេ (Audrey AZOULAY) អគ្គនាយិកាអង្គការយូណេស្កូ នៅសណ្ឋាគារ សុខា ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវ អូទ្រេ​ រួមជាមួយនឹងសហប្រធានអាយស៊ីស៊ី-អង្គរ ដែលមានដូចជាបារាំង និងជប៉ុន បានអបអរសាទរ ខួបទី២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្ត ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

ឆ្លៀតឱកាសនោះដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរអប្សរា ដែលបានប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងពេញទំហឹង ក្នុងការអភិរក្សបេតិកភណ្ឌពិភពលោកនេះ។ លោកជំទាវ បានមានប្រសាសន៍ថា ការចូលរួមអបអរសាទរ ខួបទី២៥ឆ្នាំនេះ គឺជាការចូលរួមអបអរសាទរ នូវជ័យជំនះគំរូ ក្នុងការអភិរក្ស និងការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ក្នុងន័យនេះ ក្នុងនាមជាសហប្រធាន ដែលមានបារាំង និងជប៉ុនផងដែរនោះ បានប្តេជ្ញាចិត្ត ជួយបន្តថែរក្សា ការពារ ប្រាសាទអង្គរវត្ត ដែលមានសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងចូលរួមដោះស្រាយ រាល់បញ្ហាទាំងឡាយ ដែលជាបញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា រក្សាប្រាសាទនេះ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ជាការឆ្លើយតប សម្តេចតេជោ បានជម្រាបជូនប្រតិភូ យ៉ាងសង្ខេបអំពីប្រវត្តិ មុនសង្គ្រាម និងក្រោយសង្គ្រាម ក្នុងការអភិរក្សអង្គរវត្ត និងឈានទៅដាក់អង្គរវត្ត ឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយនោះដែរ សម្តេចតេជោ ក៏បានជម្រាបជូនប្រតិភូ អំពីបញ្ហាប្រឈម ជាសង្ខេបផងដែរថា នេះជាមោទនភាព ហើយគឺជាកិត្តិយសដែលអង្គរវត្ត ត្រូវបានបញ្ចូលជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក។

ឆ្លៀតឱកាសនោះ សម្តេចក៏បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលបានផ្តួចផ្តើមគំនិត ក្នុងការដាក់ប្រាសាទអង្គរវត្ត ក្នុងសម្បតិ្តបេតិកភណ្ឌពិភពលោក។ សម្តេចក៏បានថ្លែងអំណរគុណ ដល់សហប្រធាន ដែលបានចូលរួមអបអរសាទរ ខួបទី២៥ឆ្នាំ ក្នុងការដាក់ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។

សម្តេចបានចាត់ទុកកម្មវិធីអបអរសាទរនេះ គឺជាកម្មវិធីប្រវត្តិសាស្ត្រមួយ ដែលមានសម្តេចតេជោ ជាអ្នកអញ្ជើញបើកពិធី និងមានការយាងបិទ ដោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation