ប្រជាពលរដ្ឋជាង៣៧ម៉ឺន៧ពាន់នាក់​ នៅ១៦រាជធានីខេត្ត ​បានទទួល​ការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះ
| ព័ត៌មានជាតិ
SHARE

កំពត ៖ ដោយ​បង្កើតឡើង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២, គិតមកដល់ដើមខែធ្នូ ឆ្នាំ២០១៨ ជាខួបទី៦ឆ្នាំ​ ឈានចូលទី៧ឆ្នាំហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ​ដោយឥតគិតថ្លៃ បានចំនួន១៦៣លើករួចមកហើយ។

  មានប្រសាសន៍ នៅក្នុងឱកាសដឹកនាំ ក្រុមការងារគ្រូពេទ្យចំនួន៤៨៩នាក់ ​ទៅពិនិត្យព្យាបាលជំងឺ និងចែក​ថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋ ​ជាង៥ពាន់នាក់ នៅវិទ្យាល័យ ហ៊ុន សែន បរិវាស ស្ថិតក្នុងភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត កាលពីចុងសប្តាហ៍នេះ, ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា រយៈពេល៧ឆ្នាំកន្លងទៅនេះ ក្រុមការងាររបស់ឯកឧត្តម ដែលមានជាង៤ពាន់២០០នាក់នោះ បានរួមគ្នា​ធ្វើសកម្មភាពមនុស្សធម៌ នៅ​១៦រាជធានីខេត្តហើយ​ ដែលមានប្រជាពលរដ្ឋ ជាង៣៧ម៉ឺន៧ពាន់នាក់ ​បានទទួល​សេវាកម្ម ដោយឥតបង់ប្រាក់នេះ។

​  ឯកឧត្តមប្រធានក្រុមការងារ បានបន្តថា សកម្មភាពនេះ គឺស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។

  តាមរយៈការពិនិត្យ និងព្យាបាលជំងឺ​ ជាច្រើនប្រភេទនេះ, មន្ត្រីនៅតាមទីមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋ ដែលជាអ្នកទទួលបាន ផលប្រយោជន៍នោះ បានបង្ហាញសេចក្តីពេញចិត្ត និងសប្បាយរីករាយ ជាមួយនឹងសកម្មភាព លើកស្ទួយសុខភាពពលរដ្ឋ ជាពិសេសនៅតាមទីជនបទបែបនេះ។

   គួរជម្រាបថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល​តាមខ្នងផ្ទះដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ​ធ្វើឲ្យប្រជាពលរដ្ឋ មានភាពសុខសាន្ត ក្រោមដំបូលប្រទេសជាតិ ឲ្យមានការរើកចំរើន​ មានស្ថិរភាព និងសន្តិភាព​៕អត្ថបទ ៖ សន ពិសិដ្ឋ  រូបភាព ៖ លឹម មុនី 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation