​ក្រសួងកិច្ចការនារី ​សំណូមពរ ឲ្យមានការពង្រឹង​វប្បធម៌សន្ទនា រវាងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីការពារប្រយោជន៍ និងសិទ្ធិស្ត្រី​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ​​លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ដែលទទួលបន្ទុកលើ វិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បានដឹកនាំសមាជិក សមាជិកាជំនាញ ចុះសិក្សាស្វែងយល់ពី វិស័យការងារ នៅក្រសួងកិច្ចការនារី។

​ជំនួបនេះធ្វើឡើងផ្អែកទៅលើការឯកភាព របស់រាជរដ្ឋាភិបាល ដែលខាងរដ្ឋសភាគណៈកម្មការទី៨ ​បានដាក់សំណើរ ​សុំជួបក្រសួងកិច្ចការនារី ដើម្បីធ្វើការសំណេះសំណាល និងស្វែងយល់អំពីយន្តការជាតិ ឯកសារគតិយុត្ត និងវឌ្ឍនភាព ដែលក្រសួងកិច្ចការនារី បានធ្វើនាពេលកន្លងមក ជាពិសេសដើម្បីពិភាក្សា លើកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មការទី៨ និងក្រសួងកិច្ចការនារី។ ​

ក្រោយពីបានធ្វើបទបង្ហាញជាច្រើន ពីសំណាក់ក្រសួងកិច្ចការនារី ជម្រាបជូនទៅកាន់គណៈកម្មការទី៨ នៃរដ្ឋសភានោះ, ភាគីទាំងពីរ ក៏បានពិភាក្សាដេញដោលគ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនម៉ោង ស្តីពីកិច្ចការដែលក្រសួងកិច្ចការនារី សម្រេចបាន និងបញ្ហាប្រឈម ដែលក្រសួងកំពុងជួបប្រទះផងដែរ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី នៅក្នុងឱកាសនោះ បានសំណូមពរ ទៅកាន់​​គណៈកម្មាធិការទី៨ នៃរដ្ឋសភា ឲ្យដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបញ្ជ្រាបយេនឌ័រ ទៅតាមគណៈកម្មា​ការបច្ចេកទេសផ្សេងៗទៀត នៅក្នុងរដ្ឋសភាជាតិ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានជំរុញឲ្យ មានការបញ្ជ្រាបយេនឌ័រ និងការតាក់តែងច្បាប់ ការធ្វើវិសោតនកម្ម​ច្បាប់នានា ឲ្យស្របទៅនឹងយេនឌ័រផងដែរ។

ដោយសាររដ្ឋសភា ធ្វើការទៅតាមមូលដ្ឋានរបស់ខ្លួន, ដូច្នេះក្រសួងកិច្ចការនារី ក៏បានសំណូមពរ ទៅកាន់គណៈកម្មការទី៨ នៅពេលដែលសភាចុះ ទៅធ្វើការនៅតាមមូលដ្ឋាន សូមចូលរួមផ្សព្វផ្សាយអំពី បញ្ហាសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចលើស្ត្រី។ ក្រសួងកិច្ចការនារី ក៏បានសំណូមពរ ឲ្យមានការពង្រឹងនូវវប្បធម៌សន្ទនា រវាងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីការពារប្រយោជន៍ និងសិទ្ធិស្ត្រី។

ឆ្លើយតបទៅនិងសំណូមពរទាំងអស់នេះ, លោកជំទាវ ឡោក ខេង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ហើយបានលើកឡើងថា លោកជំទាវ បានយល់ច្បាស់ពីបញ្ហាទាំងអស់នេះ ហើយសូមទទួលយក នូវគ្រប់សំណូមពរទាំងអស់ ដោយសារតែនេះ គឺជាកិច្ចការងារដ៏សំខាន់
​ដែលបម្រើផលប្រយោជន៍ជូនទៅដល់ស្ត្រី៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation